ខេត្តបាត់ដំបង ៖ចោរប្លន់ប្រដាប់អាវុធមួយក្រុមមានគ្នាពីរនាក់ប្រដាប់ដោយកាំភ្លើង វែងមួយដើមនិងកាំភ្លើងខ្លីមួយដើមបានចូលប្លន់ផ្ទះវេរលុយព្រមទាំង វ៉ៃប្តីមួយស្វ័យកាំភ្លើងបណ្តាលរបួសបែកក្បាល និងប្លន់យកលុយមួយចំនួន ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ បានកើតឡើង កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។
ជនរងគ្រោះម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះរដ្ឋ ធី (ប្តី) អាយុ៣៥ឆ្នាំ រងរបួសបែកក្បាលខាងក្រោយ និងប្រពន្ធឈ្មោះរ៉ែម ម៉ារ៉ា អាយុ៣៤ឆ្នាំ មុខរបរវេរលុយ និងលក់សាច់ឆ្កែ នៅភូមិ ឃុំខាងលើ។
យោងតាមការរៀបរាប់របស់ម្ចាស់ផ្ទះមុនពេលកើតហេតុ ផ្ទះរបស់គាត់ នៅបើកលក់សាច់ឆ្កែ និងវេរលុយ នៅឡើយ ហើយស្រាប់តែមានមនុស្សចម្លែកពីរនាក់ ដើរចូលមកក្នុងផ្ទះ ដោយមានកាំភ្លើងវែង១ដើម និងខ្លី១ដើម ស្លៀកពាក់ស៊ីវិល ព្រមទាំងពាក់ម៉ាសបិទមុខផង។ ពួកវាបានចាប់ប្តីចង និងវ៉ៃនឹងស្វ័យកាំភ្លើង បណ្តាលឲ្យបែកក្បាលពីក្រោយ ហើយគំរាមប្រពន្ធ ឲ្យប្រមូលលុយមកឲ្យពួកវា បើមិនដូច្នេះទេ វាបាញ់សម្លាប់ប្តីចោល។ ដោយភ័យពេក ប្រពន្ធក៍ប្រមូលលុយកាក់ ដែលលក់បាន ប្រគល់ឲ្យពួកចោរទាំងអស់។ បន្ទាប់ពីប្លន់បានលុយហើយ ពួកវាក៍នាំគ្នាគេចខ្លួន តាមផ្លូវក្រោយ តាមវាលស្រែបាត់ទៅ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងអាវុធហត្ថ ដែលយាមនៅស្ថានីយប្រេងប្រមាណជាង ២០០ ម៉ែត្រ ពីផ្ទះកើតហេតុ បានដេញតាមក្រុមចោរប្លន់ដោយផ្ទុះអាវុធជាច្រើនគ្រាប់ ប៉ុន្តែពួកចោរមិនបានបាញ់តដៃទេ ហើយរត់ចូលព្រៃបាត់ស្រមោល៕