​ADB ព្យាករណ៍​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​និង​ឆ្នាំក្រោយ​នៅមាន​ភាព​វិជ្ជមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2015 ក+ ក-

​ភ្នំពេញ៖​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​នៅតែ​រឹងមាំ​រហូតដល់​ឆ្នាំ ២០១៦ បើទោះបីជា​កំណើន​ទំនងជា​នឹងមាន​ល្បឿន​យឺត​តិចតួច ជាង​ការព្យាករណ៍​កាលពីដើម​ឆ្នាំនេះ​ក៏ដោយ​។

នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB នៅ​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង ឆ្នាំ​២០១៥​និង​២០១៦​នៅតែមាន​ភាពរឹងមាំ​បើទោះជា​មានការ​ថមថយ​តិចតួច ដែល​ទាក់ទង​ទៅនឹង​ការថយចុះ​នូវ​សក្តានុពល​កំណើន​សម្រាប់​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី និង​ការ​ងើបឡើង​វិញ​យឺត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ​។​

នៅក្នុង​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព សេដ្ឋកិច្ច​ប្រចាំឆ្នាំ ដែលមាន​ចំណងជើង​ថា​«​ទស្សនវិស័យ អភិវឌ្ឍន៍ (ADO)២០១៥» ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​) សម្រាប់​ប្រទេស​កម្ពុជា​គឺ​៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៥ និង​៧,២​ភាគរយ សម្រាប់​ឆ្នាំ​២០១៦​។​

​ជាមួយគ្នានេះ​ADB បាន​រំលឹក​ពី​របាយការណ៍​របស់ខ្លួន​កាលពី​ខែមីនា ដែល​បាន​ព្យាករណ៍​ថា​កំណើន​ឆ្នាំ​២០១៥​មាន​៧,៣​ភាគរយ និង​ឆ្នាំ​២០១៦ មាន​៧,៥​ភាគរយ​។ ក៏ប៉ុន្តែ​ការព្យាករណ៍​ពេលនេះ បែរជា​ថមថយ​ទៅវិញ​នោះ ADB ពន្យល់ថា​ជាការ​ឆ្លុះបញ្ចាំង​ពី​ការថយចុះ នូវ​សក្តានុពល​កំណើន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​ការ​ងើប​ឡើងវិញ​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ​។​

​សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​ADB​ប្រចាំ​ប្រទេស​លោក Jan Hansen ឲ្យ​ដឹងថា​ការពង្រីក​ឧស្សាហកម្ម​កាត់ដេរ សំណង់ សេវាកម្ម​ទេសចរណ៍ ហិរញ្ញវត្ថុ និង​អចលនទ្រព្យ នៅតែ​បន្ត​ជម្រុញ​កំណើន​បន្ថែមទៀត​។ លើសពីនេះ តម្រូវការ​ក្នុងស្រុក​មានការ​កើនឡើង​ខ្លាំង​។ ការ​នាំចូល​ក៏មាន​កំណើន​ខ្ពស់​។ រីឯ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​មានការ​កើនឡើង​១១​ភាគរយ ថយចុះ​ពី​១៤,៥​ភាគរយ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៤​។

កំណើន​ការនាំចេញ​ទំនិញ​សរុបថ​យមក​នៅ​១៤​ភាគរយ​ពី​១៨,៣​ភាគរយ​។ កំរិត​អតិផរណា​ប្រចាំឆ្នាំ​ស្ថិតនៅ​ត្រឹម​១​ភាគរយ​ក្នុង​ខែឧសភា​ឆ្នាំ ២០១៥​។ ក្រោយមក​កំរិត​នៃ​អតិផរណា ត្រូវបាន​កែសម្រួល​មក​នៅ​១,៣​ភាគរយ បន្ទាប់ពី​មានការ​ថយចុះ​នូវ​ចំណាយ​លើ​ការដឹកជញ្ជូន​និង​ឥន្ធនៈ ក្រោយពេល​មានការ​ថយចុះ​យ៉ាងគំហុក​នៃ​តម្លៃ​ប្រេង​៕

jbyghhh