អ៊ីរ៉ាក់៖សមាជិកក្រុមសកម្មប្រយុទ្ធISយ៉ាងហោចណាស់ជាង២០០នាក់បានបោះបង់ជួរ និងដកថយចេញពីភាគខាងជើងប្រទេសអ៊ីរ៉ាក់ដើម្បីទៅស្វែងរកក្រុមជ្រុលនិយមផ្ដាច់ខ្លួនផ្សេងទៀតដែលមានប្រាក់ខែប្រសើរជាងនេះនៅប្រទេសស៊ីរី។
កាលពីប៉ុន្មានថ្ងៃកន្លងទៅសមាជិករដ្ឋឥស្លាមរាប់រយនាក់បានចាប់ផ្ដើមរត់ចោលជួរក្រោយពីប្រាក់ខែរបស់ពួកគេត្រូវបានកាត់យ៉ាងគំហុក។ សកម្មប្រយុទ្ធម្នាក់ទទួលបានប្រាក់ខែប្រមាណ៣៩០ដុល្លារ ប៉ុន្តែពេលនេះដោយសារមានការខ្វះខាតថវិកា ទើបត្រូវបន្ថយជិត៤ដង គឺនៅត្រឹម៩៨ដុល្លារប៉ុណ្ណោះ។
អ្នកទទួលបន្ទុកផ្នែកគណនេយ្យករ IS បានកាត់បន្ថយប្រាក់ខែនៅតំបន់សង្គ្រាមនេះដោយសារពួកគេកំពុងព្រួយបារម្ភពីការវាយប្រហារតាមអាកាសរបស់គូសត្រូវមានការកើនឡើង។ មេបញ្ជាការ IS ជាច្រើនរូបកាន់តែមានក្ដីព្រួយបារម្ភថា ក្រុមនេះអាចពង្វាតទីកាន់កាប់ធំជ្រុលរហូតដល់អាហ្វ្រិកខាងជើង ដែលធ្វើឲ្យពួកគេកាន់តែមិនអាចគ្រប់គ្រងបាន។
គួរបញ្ជាក់ថា រយៈពេលជាង ៣ឆ្នាំកន្លងទៅហើយក្រុម ISបានឲ្យប្រាក់ខែសកម្មប្រយុទ្ធពី៥០០ ទៅ៦០០ដុល្លារ គឺច្រើនជាងក្រុមភេរវករអាល់កៃដា និងក្រុមឧទ្ទាមផ្សេងៗ៕