ចិន៖យ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានស្លាប់ និង៥១នាក់ផ្សេងទៀតរងរបួសក្នុងប្រព្រឹត្តិការ ផ្ទុះដ៏កក្រើកជាច្រើនកន្លែងនៅក្នុងខេត្ត Liucheng និងទីក្រុង Linchou ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post។
តាមការអះអាងពីមន្ត្រីប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា ករណីច្បាស់ណាស់វាជាអំពើភេរវកម្ម ហើយក្រោយពីកើតហេតុបុរសវ័យ៣៣ឆ្នាំម្នាក់ត្រូវបានគេសង្ស័យ និងចាប់ខ្លួន ប៉ុន្តែមិនបានឲ្យដឹងពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងជនសង្ស័យរូបនេះនៅឡើយទេ។
តាមប្រភពដដែលបញ្ជាក់ថា ករណីផ្ទុះនេះមានរហូតដល់១៥ដង ហើយត្រូវបានឮពេញទីក្រុងចន្លោះពីម៉ោង៣ និង១៥រសៀល ដល់៥ល្ងាច ម៉ោងក្នុងតំបន់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញ។ ទីតាំងដែលរងការផ្ទុះនោះមានជាច្រើនកន្លែងដូចជា៖ ផ្សារទំនើប,ពន្ធនាគារ,អគាររដ្ឋាភិបាល,ផ្សារបន្លែ និងទីតាំងជាច្រើនទៀត។ ពាក់ព័ន្ធករណីនេះផងដែរក្រុមសង្គ្រោះបានកំពុងអន្តរាគមន៍ ចំពោះចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅក៏មានហេតុការណ៍ផ្ទុះកន្លែងស្តុកសារធាតុគីមី នៅក្នុងទីក្រុង Tianjin ប្រទេសចិន ដែលបានសម្លាប់មនុស្សដល់១៦៤នាក់ និងអ្នកពន្លត់អគ្គិភ័យ៩៧នាក់ផងដែរ៕
ករណីផ្ទុះជាច្រើនកន្លែងក្នុងប្រទេសចិនសម្លាប់មនុស្ស៧ របួស៥១នាក់