ភ្នំពេញ៖ថ្មីៗនេះ មានការទម្លាយថាអតីតសង្សារចាស់របស់លោកប៉ែន ចំរ៉ុង បានទាក់ទងទៅដោយផ្ទាល់សុំឲ្យលោក អ៊ិន សុភិន ទប់ស្កាត់ភិន សុដាលីស កុំឲ្យបន្តស្នេហាជាមួយប៉ែន ចំរ៉ុង។ នេះជាព័ត៌មានរសើបមួយថ្មីបន្ថែមពីលើការប្រកាសទារលុយពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតម្រូវឲ្យ ប៉ែន ចំរ៉ុង សងលុយនារីម្នាក់ ដើម្បីចង់បញ្ចប់រឿង។ អញ្ចឹងហើយទើបលោកអ៊ិន សុភិន សុំឲ្យប៉ែន ចំរ៉ុង ជួយការពារសុវត្ថិកូនខ្លួន ក្នុងពេលដំណឹងរៀបការរបស់ពួកគេកាន់តែប្រាកដឡើងក្នុងពេលដ៏ខ្លី។
តាម វីអូដេ បានរាយការណ៍ថា ឪពុករបស់ ភិន សុដាលីស បានអះអាងថា មាននារីម្នាក់ឈ្មោះ ផល្លា ថាច់ រស់នៅអាមេរិកបានទាក់ទងមកលោកក្រោយការផ្ទុះរឿងដោយសុំឲ្យលោកបញ្ជាក់ឲ្យច្បាស់ថា ដំណឹងស្នេហារវាងកូនស្រីនិងលោក ប៉ែន ចំរ៉ុង ជាការពិតឬក្លែងក្លាយ។ លោកបន្តថា នាងបានរៀបរាប់រឿងច្រើនពាក់ព័ន្ធប៉ែន ចំរ៉ុង ដែលកាន់តែធ្វើឲ្យលោកនិងក្រុមគ្រួសារមិនសូវសប្បាយចិត្ត។ លោកបន្ថែមថា ក្រៅពីនារីរស់នៅអាមេរិក ក៏មាននារីវ័យក្មេងម្នាក់ទៀតរស់នៅភ្នំពេញ ដែលអះអាងថានៅសិក្សាទូរស័ព្ទមកលោកដូចគ្នានិងសុំឲ្យលោកកុំយល់ព្រមចំពោះស្នេហារបស់ ដាលីស និងប៉ែន ចំរ៉ុង ផងដែរ។
លោកមានប្រសាសន៍ថា៖ “ពីរនាក់គាត់និយាយច្រើនពីចំរ៉ុង! ស្ដាប់ហើយញាក់សាច់! អញ្ចឹងហើយ ទើបខ្ញុំចេះតែបារម្ភពីសុវត្ថិភាកូនខ្ញុំ ព្រោះបើពីរនាក់ហ្នឹងគាត់អត់អី ខ្ញុំមិចដឹងថាតើមានមនុស្សប៉ុន្មាននាក់ទៀត ដែលអត់សប្បាយចិត្តនឹងចំរ៉ុងមកស្រឡាញ់ដាលីស គិតអី?”។ លោកថា ធ្លាប់បានយកសំឡេងរាយរ៉ាប់របស់នារីនៅអាមេរិកឈ្មោះផល្លា ថាច់ នោះ ឲ្យ ភិន សុដាលីស ស្ដាប់រួចហើយ ប៉ុន្តែនាងមិនមានប្រតិកម្ម ហើយបែរជាយកដំណឹងទៅប្រាប់លោក ប៉ែន ចំរ៉ុង។ លោកនិយាយថា៖ “ដល់ពេលមានគេខលមកប្រាប់ខ្ញុំ ពីរឿង ចំរ៉ុង ច្រើនអញ្ចឹង ធ្វើឲ្យខ្ញុំកាន់ភ័យនឹងសុវត្ថិភាព ដាលីស ព្រោះខ្ញុំអត់ដឹងថាតើមុននឹង ចំរ៉ុង គាត់ពាក់ព័ន្ធអ្នកណាខ្លះទេ!”។
លោកសម្ដែងការបារម្ភខ្លាចភិន សុដាលីស ត្រូវជនទី៣ធ្វើបាប ក្នុងពេលស្នេហារបស់ពួកគេកាន់តែបើកចំហ និងបានបង្ហាញភាពល្អូកល្អិន ដោយបើកចំហរ ព្រមជាមួយការប្រកាសរៀបការនៅអំឡុងឆ្នាំក្រោយនោះ។ លោកនិយាយថា៖ “ពីរបីថ្ងៃទៀត ខ្ញុំឡើងតុបំភ្លឺ(កម្មវិធីរបស់My TV) ខ្ញុំនឹងនិយាយពីរហ្នឹង គឺសុំឲ្យលោក ប៉ែន ចំរ៉ុង ការពារកូនខ្ញុំ និងទាមទារឲ្យគាត់ទទួលខុសត្រូវចំពោះកូនខ្ញុំ!”។
នេះជាព័ត៌មនបន្ថែមពីលើអ្វីដែលបានបែកធ្លាយកាលពីសប្ដាហ៍មុន បន្ទាប់ពីមានគណនីមួយឈ្មោះDara Poor Manដែលត្រូវគេស្គាល់ថា ជាមិត្តជិតស្និទ្ធិរបស់នារីឈ្មោះ ផល្លា ថាច់ បានយករូប ចំរ៉ុង និងនាងមកបង្ហោះសរសេរថា៖ “ចុះនារីម្នាក់នេះ សើចឬយំ?……សំណាងហើយនាងនៅឆ្ងាយ កុំអីជួបគ្នាថ្ងៃឡើងទូរទស្សន៍បាត់ទៅហើយលោក ចំរ៉ុង! កុំភ្លេចសងលុយនាងផង!”។ មានការទម្លាយថា នារីនៅអាមេរិកឈ្មោះ ផល្លា ថាច់ នោះ បានភ្ជាប់ទំនាក់ទំនងជាមួយលោក ប៉ែន ចំរ៉ុង យូរក្រែលមកហើយ ដោយនាងឧស្សាហ៍ឡើងចុះស្រុកខ្មែរ និងមានអ្នកសិល្បៈមួយចំនួនដឹងឮទៀតផង។
ថ្ងៃនេះ មិនអាចសុំការបកស្រាយបានទេពីលោក ប៉ែន ចំរ៉ុង និងភិន សុដាលីស ប៉ុន្តែលោក ប៉ែន រស់ បងប្រុសរបស់លោក ប៉ែន ចំរ៉ុង បានទទួលស្គាល់ពីទំនាក់ទំនងរបស់ប្អូនប្រុសនិងនារីឈ្មោះផល្លា ថាច់ រស់នៅអាមេរិក។ លោកនិយាយថា៖ “អើ…រឿងហ្នឹងបើចង់ច្បាស់គឺទាល់តែសួរគាត់(ប៉ែន ចំរ៉ុង) ព្រោះខ្ញុំឥឡូវមិនសូវបានជួបចំរ៉ុងទេ រវល់មកធ្វើចម្ការនៅសំឡូត!”។
យ៉ាងណាក៏ដោយ លោកថាម្ចាស់គណនីដែលសរសេរទារលុយប្អូនប្រុសរបស់លោកនោះ អាចជាការបង្ខូចឈ្មោះច្រើនជាង ដោយសារតែពេលកន្លងមក លោកមិនដែលដឹងថាលោក ប៉ែន ចំរ៉ុង បានទទួលចំណែកណាមួយពីនារីឈ្មោះ ផល្លា ថាច់ ក្រៅពីការរាប់អាននោះទេ។ លោកមានប្រសាសន៍ថា៖ “បើប្អូនខ្ញុំជំពាក់លុយអីគាត់មែន គាត់ខលមកខ្ញុំក៏បាន គ្រួសារខ្ញុំក៏បានគឺពួកខ្ញុំដោះស្រាយឲ្យតើ ប៉ុន្តែខ្ញុំថាអត់ពិតទេ ព្រោះត្រឹមប្រាក់៥ពាន់មួយម៉ឺន(ដុល្លារ) គ្រួសារខ្ញុំមានហើយ មិនទៅប្រឡូកប្រឡាស់អីជាមួយគាត់ទេ!”។ លោកថាដាលីសនឹងគ្មានបញ្ហាពាក់ព័ន្ធសុវត្ថិភាពដូចគ្នា ដោយសារតែពេលកន្លងមក បើទោះជាប៉ែន ចំរ៉ុង មានអ្នកស្រឡាញ់ច្រើន ក៏លោកប៉ែន ចំរ៉ុង មិនដែលរវីរវល់នាំឲ្យកើតរឿងស្មុគស្មាញ៕