ភ្នំពេញ: តាមការគ្រោងទុក គណបក្សដែលមានអាសនៈក្នុងសភាកម្ពុជាទាំងពីរបានជួបពិភាក្សាពីកិច្ចការដែលនៅសេសសល់អស់រយៈពេលជិត២ម៉ោងនៅល្ងាចថ្ងៃនេះ ប៉ុន្តែលទ្ធផលនៅតែមិនទាន់ត្រូវរ៉ូវគ្នាទាំងស្រុងនៅឡើយ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំជិត ២ ម៉ោង ចាប់ពីម៉ោង ៥ ដល់ម៉ោងជិត ៧ យប់ថ្ងៃទី១តុលានេះ គឺថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយសម្តេចសខេង និងលោកសមរង្ស៊ី មិនទាន់បានឯកភាពគ្នាទាំងស្រុងនៅឡើយទេ លើការវិសោធនកម្មកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងការកែប្រែច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ថ្នាក់ដឹកនាំទាំងពីរគណបក្ស បានសន្យាថា នឹងបន្តជួបគ្នានៅសប្តាហ៍ក្រោយទៀត។
ពេលចប់កិច្ចប្រជុំ លោក ប៉ែនបញ្ញា តំណាងខាងគណបក្សប្រជាជនកម្ពុជា និងលោក អេងឆៃអ៊ាង តំណាងខាងគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតរួមគ្នានៃកិច្ចប្រជុំ នៅព្រលប់ថ្ងៃទី១តុលានេះ នៅរដ្ឋសភា។ កិច្ចប្រជុំដោយបិទទ្វារនោះ បានពិភាក្សាលើចំណុចសេសសល់នៃការកែប្រែវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរ ដ្ឋសភា។
កិច្ចប្រជុំនោះ ត្រូវបានអ្នកនាំពាក្យអះអាងថា មិនតឹងតែងនោះទេ តែក៏មិនមានការសម្រេចអ្វីជាដុំកំភួនលើការកែប្រែច្បាប់ទាំងពីរនោះនៅឡើយ៕ដោយ៖រដ្ឋា