រាជធានីភ្នំពេញ៖បន្ទាប់ពីកិច្ចប្រជុំស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈនៅកម្ពុជាដែល រៀបចំឡើងនៅក្រសួងពាណិជ្ជកម្មដែលមានការចូលរួមពីតំណាងមកពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងរ៉ែនិងថាមពលនិង បណ្តាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែតុលាឆ្នាំ ២០១៥ភាគីទាំងសងខាង(រាជរដ្ឋាភិបាល និងក្រុមហ៊ុន)បានឯកភាពគ្នាស្វែងរករូបមន្តជារួមមួយក្នុងការកំណត់តម្លៃលក់ប្រេងឥន្ធនៈនៅលើទីផ្សារ។
ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងអស់ បង្ហាញនូវវិធីសាស្ត្រ ក៏ដូចជារូបមន្ត ដែលពួកគេប្រើ ដើម្បីកំណត់តម្លៃលក់ ហើយក្រុមហ៊ុនទាំងអស់ សន្យាថានឹងផ្តល់ជូនឲ្យក្រសួង នៅថ្ងៃទី២ ខែ តុលា ២០១៥។
ក្រោយពីបានទទួលរូបមន្តកំណត់ថ្លៃ ពីក្រុមហ៊ុនហើយ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការប្រជុំជាមួយនឹងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងរ៉ែ និងថាមពលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីការកំណត់រូបមន្តនេះថ្នាក់រាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៥។
ក្រោយពីប្រជុំថ្នាក់រាជរដ្ឋាភិបាលរួច នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ក្រសួងនឹងកោះអញ្ជើញ បណ្តាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងនោះ មកប្រជុំជាថ្មីម្តងទៀត ដើម្បីកំណត់យករូបមន្ត កំណត់ថ្លៃរួមមួយ៕