ភ្នំពេញ៖ បុរសជនជាតិបរទេសមិនស្គាល់អត្ដសញ្ញាណម្នាក់ បានធ្លាក់ពីលើសណ្ឋាគារសុខាជាន់ទី២០ មានទីតាំងនៅត្រើយខាងកើតស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្លាប់នៅវេលាម៉ោង១:០០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ ដោយមិនទាន់ដឹងពីមូលហេតុ។
សេចក្តីរាយការណ៍បឋមបានអោយដឺងថា បុរសជនជាតិបរទេសខាងលើបានចូលមកជួលបន្ទប់លេខ៧២៨ ស្នាក់នៅសណ្ឋាគារសុខាកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ហើយមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរលំហែកាយលេងនៅជាន់ទី២០ ក៍ស្រាប់តែនៅវេលាកើតហេតុគេឃើញបុរសនោះធ្លាក់ស្លាប់នៅជ្រុងខាងជើង នៃសណ្ឋាគារសុខា ដោយមិនទាន់ដឹងពីមូលហេតុតែម្តង។
ប្រភពព័ត៌មានមួយផ្សេងទៀតដែលគេនិយាយតៗគ្នាក្រោយពេលកើតហេតុភ្លាមៗ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានមនុស្សចំនួន៣នាក់នៅលើអាគារត្រង់ចំណុចកើតហេតុក្នុងនោះមានប្រុស២ស្រី១ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ មួយសន្ទុះក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលករណីធ្លាក់ពីលើអាគារនៃសណ្ឋាគារនោះស្លាប់តែម្តង។
ករណីនេះសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា មិនអាចបញ្ជាក់ពីមូលហេតុពិតប្រាកដបាននៅឡើយទេ ព្រោះកំពុងចុះពិនិត្យ និងស្រាវជ្រាវ៕ដោយះរដ្ឋា