ប៉ោយប៉ែតះ ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី ចោទប្រកាន់ចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាក្ដោបក្ដាប់អំណាចតែម្នាក់ឯង មិនប្រគល់ភារកិច្ចមុខនាទីឲ្យគណបក្សជាប់ឆ្នោត បានបំពេញការងារបម្រើប្រជាពលរដ្ឋនោះទេ។ ចៅសង្កាត់រងបញ្ជាក់ថា ការក្ដោបក្ដាប់អំណាចនេះ បានរាំងស្ទះជាខ្លាំងដល់ការធ្វើលិខិតស្នាមជូនប្រជាពលរដ្ឋ។
ប្រព័ន្ធផ្សព្វផ្សាយ អែអេហ្វអេ បានរាយការណ៍ថា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រឆាំង និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អំពាវនាវឲ្យអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទៅលើចៅសង្កាត់ប៉ោយប៉ែត ដែលទើបកាន់តំណែងថ្មី ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍នៅថ្ងៃទី៥ តុលា ថា លោកជាប់ឆ្នោតជាចៅសង្កាត់រងទី២ ប្រមាណ ៣ឆ្នាំមកហើយ និងបានផ្លាស់ប្ដូរចៅសង្កាត់អស់ចំនួន ៣នាក់មកដែរ ប៉ុន្តែចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ទាំងនោះ រួមទាំងចៅសង្កាត់ដែលទើបកាន់តំណែងថ្មីផង ពុំបានបែងចែកភារកិច្ចឲ្យលោកបំពេញការងារជូនប្រជាពលរដ្ឋ ឲ្យបានពេញលេញដែលស្របតាមច្បាប់នោះឡើយ៖ «បើទោះបីជាចៅសង្កាត់ និងចៅសង្កាត់រងមកពីគណបក្សប្រជាជនកម្ពុជា អវត្តមានទាំងពីរនាក់ក៏ដោយ ក៏គេមិនប្រគល់ការងារឲ្យខ្ញុំធ្វើជំនួសដែរ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចៅសង្កាត់ប៉ោយប៉ែត លោក អាំង គីហេង មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាពុំទាន់បែងចែកភារកិច្ចការងារឲ្យបានច្បាស់លាស់ ឲ្យមន្ត្រីក្រោមឱវាទប្រាកដមែន។ លោកអះអាងថា បញ្ហានេះពុំមែនលោកចង់ក្ដោបក្ដាប់អំណាចតែម្នាក់ឯងនោះទេ គឺដោយហេតុថា លោកទើបតែឡើងកាន់តំណែងថ្មីថ្មោងប្រមាណពីរសប្ដាហ៍ប៉ុណ្ណោះ៖ «ចៅ សង្កាត់រងទី២ គាត់បានដឹង និងឯកភាពគ្នានៅក្នុងទីប្រជុំអស់ហើយ ពាក់ព័ន្ធនឹងការបែងចែកអំណាចយឺតយ៉ាវនេះ ហើយគាត់មិនគួរនិយាយមិនបានបែងចែកការងារឲ្យធ្វើបែបនេះសោះ»។
លោក អាំង គីហេង ឡើងកាន់តំណែងជាចៅសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ជំនួស លោក នុត លី ចៅសង្កាត់ចាស់ដែលបានលាលែងពីតំណែង។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ចៅសង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រជាជនកម្ពុជា ទាំង ៣រូបនោះ ពុំបានបែងចែកភារកិច្ចការងារឲ្យទៅគណបក្សជាប់ឆ្នោតឲ្យបានស្មើ ភាពគ្នានោះទេ។ លោកបញ្ជាក់ថា ការបែងចែកអំណាចនៅក្នុងសង្កាត់មិនបានត្រឹមត្រូវនេះ ធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការធ្វើលិខិតស្នាមរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៖ «ចៅសង្កាត់ក្ដោបក្ដាប់អំណាចតែម្នាក់ឯងនេះ សបញ្ជាក់ឲ្យឃើញថា រូបគាត់ចង់ទាញយកផលប្រយោជន៍នៅក្នុងតួនាទីឲ្យបានច្រើន»។
របាយការណ៍សង្កាត់ប៉ោយប៉ែត បង្ហាញថា សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋរស់នៅចំនួនជិត ៥ម៉ឺននាក់ (៤៩.២២៧នាក់) និងមានភូមិចំនួន ១១ភូមិ ព្រមទាំងមានក្រុមប្រឹក្សាសង្កាត់ចំនួន ១១នាក់ មកពីគណបក្សប្រជាជនកម្ពុជា ៩នាក់ និងគណបក្ស សម រង្ស៊ី ២នាក់៕