ស៊ីរី៖ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានដាក់បំផ្ទុះគ្រាប់បែកកម្ទេចវិមាន Arch of Triumph ជាវិមានបុរាណមួយ ដែលមានអាយុកាលប្រមាណ២០០០ឆ្នាំ នៅក្នុងទីក្រុង Palmyra ប្រទេសស៊ីរី។ នេះបើយោងតាមព័ត៌មាន Channel News Asia។
នាយកវត្ថុបុរាណស៊ីរី លោក Maamoun Abdulkarim បាននិយាយថា វិមានយុគសម័យ Roman ដែលក្រុមរដ្ឋឥស្លាមដាក់គ្រាប់បែកបំផ្ទុះនេះ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោក ដោយវាត្រូវបានក្រុមឧទ្ទាមវាយដណ្តើមយក ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងខែឧសភា ដោយវិមាននេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងស័ក្តិសិទ្ធិ។
ដោយឡែកអង្គការ UNESCO បានហៅសកម្មភាពទាំងនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម និងបានឲ្យដឹងថា ក្រុម IS កំពុងព្យាយាមបំផ្លាញភស្តុតាងបេតិកភណ្ឌរបស់ស៊ីរី។
គួរបញ្ជាក់ថា កាលពីខែសីហា ក្រុមឧទ្ទាម Sunni បានដាក់គ្រាប់បែកបំផ្លាញប្រាសាទ Baal Shamin បន្ទាប់មកបំផ្លាញប្រាសាទ Bel ជាប្រាសាទស្ថិតក្នុងយុគសម័យ Roman ដែលត្រូវបានគេការពារ។ ទន្ទឹមនោះក្រុម ISISបានប្រកាសដាក់ការិយាល័យរបស់ខ្លួន នៅលើទឹកដីដែលខ្លួនបានគ្រប់គ្រង នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ហើយបានបំផ្លាញនូវវិមានបុរាណជាច្រើន ដោយបាននិយាយថា ខ្លួនមិនមានសាសនា និងគោរពវត្ថុស័ក្តិសិទ្ធិអ្វីនោះទេ៕