ភ្នំពេញះប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០១៦ត្រូវប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដោយដំឡើងជាង១០ដុល្លារបន្ថែមស្មើ១៣៥ដុល្លារ ហើយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម៥ដុល្លារ ដែលសរុបកើនដល់១៤០ដុល្លារ ខណៈកម្មករទាមទារ១៦០ដុល្លារទើបអាចទ្រទ្រង់ជីវភាពពួកគេឲ្យរស់នៅសមរម្យបាន។
សូមរម្លឹកថា កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ បានសម្រេចបោះឆ្នោតលើតួលេខចំនួន ៣ ដែលក្រុមការងារបច្ចេកទេសត្រីភាគី បានប្រជុំសម្រេច កាលពីព្រលប់ថ្ងៃទី៧តុលា។ នោះគឺតួលេខ ១៣៥ ដុល្លារ របស់ភាគីរដ្ឋាភិបាល មានសំឡេងគាំទ្រ ២៤ សំឡេង។ តួលេខ ១៦០ ដុល្លារ របស់ភាគីសហជីព មានសំឡេងគាំទ្រ ២ សំឡេង និងតួលេខ ១៣៣ ដុល្លារ ដែលជាជំហររបស់ថៅកែរោងចក្រកាត់ដេរ គឺមិនមានសំឡេងគាំទ្រទេ។
បើតាមអ្នករៀបចំកម្មវិធី គណៈកម្មការប្រឹក្សាការងារនេះមាន២៨រូបចូលរួមបោះឆ្នោតនេះ ក្នុងនោះមកពីសហជីព៧រូប មកពីតំណាងនិយោជក៧រូប និង១៤រូបតំណាងរដ្ឋាភិបាល។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម៥ដុល្លារពីលើ១៣៥ដុល្លារ ធ្វើឲ្យប្រាក់ខែគោលកើនដល់១៤០ដុល្លារ។ លោកថាប្រាក់ឈ្នួលនេះ នឹងចាប់អនុវត្តពីថ្ងៃ១ ខែមករា ឆ្នាំ២០១៦តទៅ។ លោកថ្លែងថា៖ “បន្ថែមពីលើ ១៣៥ដុល្លារសហរដ្ឋអាមេរិកនេះ គឺសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង លោកបានផ្តល់បន្ថែម៥ដុល្លារបន្ថែមទៀត។ ដូច្នេះប្រាក់ខែគោលអប្បបរិមាប្រចាំឆ្នាំ២០១៦ គឺ១៤០ដុល្លារសហរដ្ឋអាមេរិក”។
លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា យល់ថាកម្រិតប្រាក់ឈ្នួលអប្បរមាមានត្រឹម១៤០ដុល្លារនេះ នៅតែមិនអាចដោះស្រាយជីវភាពកម្មករឲ្យប្រសើរនៅឡើយ៖ “យើងមើលតាម វិទ្យាស្ថានជាតិស្ថិតិ គឺកម្មកររស់បាននៅក្នុងរាជធានីគឺ១៤២ដុល្លារនៅឆ្នាំ២០១៣ ហើយមកដល់ឆ្នាំហ្នឹង វាកើនដល់១៥៨ដុល្លារយ៉ាងតិច។
តាមការស្រាវជ្រាវរបស់អ្នកសេដ្ឋកិច្ចឆ្នាំហ្នឹងរកឃើញថា ២០៧,៥ដុល្លារ ប៉ុន្តែយើងបានបញ្ចុះមកដល់ត្រឹម១៦០ដុល្លារ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ មកដល់ពេលនេះលេខ១៦០របស់យើង មិនបានជោគជ័យនៅក្នុងការបោះឆ្នោតទេ ដោយសារតែនៅក្នុងគណៈកម្មការ យើងដឹងថាមានមនុស្សភាគច្រើនគឺនិន្នាការនយោបាយខាងរដ្ឋាភិបាល និងនិន្នាការខាងក្រុមហ៊ុន”៕