លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​របស់បក្សខ្លួន​ក្នុងឱកាស​ភ្ជុំ បិណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2015 ក+ ក-

​ភ្នំ​ពេ​ញះ លោក សម រង្ស៊ី បាន​ផ្តាំផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ស ខេង ឲ្យ​ជួយ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បាន​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​ប៉ុន្តែ​លោក ស ខេង បាន​បញ្ជាក់ថា ការដោះលែង​សកម្មជន​មិនមែនជា​របៀបវារៈ​ដែល​ត្រូវ​ជជែក​ពិភាក្សាគ្នា​នៅថ្ងៃនេះ​ទេ ហើយ​ថា​វប្បធម៌​សន្ទនា និង​ការ​រួបរួមគ្នា គឺ​ត្រូវ​”​ឈរលើ​គោលការណ៍​ច្បាប់​ជា​ធរមាន​”​។​

​ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ លោក ស ខេង បានបញ្ជាក់​នៅមុខ​អ្នកកាសែត​ថា គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​ទាំងស្រុង​ចំពោះ​ចំណុច​ដែល​នៅ​ខ្វែងគំនិត​គ្នា​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែងថា ភាគី​ទាំងពីរ​បានសម្រេច​ឯកភាព​ទាំងស្រុង​គ្នា​លើ​កំណែទម្រង់​ច្បាប់​ទាំងពីរ​តាមរយៈ​វប្បធម៌​សន្ទនា ការគោរព​គ្នា និង​ការ​សម្បទាន​ដល់​គ្នា​ទៅវិញទៅមក​។​លោក​ថា លោក​បាន​អំពាវនាវ​នៅ​ចំពោះមុខ​លោក ស ខេង ដោយ​ផ្តាំផ្ញើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះលែង​សកម្មជន​របស់ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ចាត់ទុកថា នេះ​ជាការ​រួបរួម​មួយ​ថ្មី​ទៀត​។

លោក​មានប្រសាសន៍ថា​៖ “​ខ្ញុំ​បានលើកឡើង ទោះជា​មិនទាន់មាន​ចម្លើយ​យ៉ាងណាក្តី ខ្ញុំ​ចង់​ជម្រាប​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ថា​ឥឡូវនេះ​ជា​រដូវ​ភ្ជុំ ថ្ងៃ​ចន្ទ​ក្រោយ ៣​ថ្ងៃ​ទៀត គឺ​បុណ្យ​ភ្ជុំ​ធំ​ណាស់​…​ខ្ញុំ​ចង់​ឲ្យ​ឃើញ​ការរួបរួម​គ្នា ការជានាគ្នា និង​ការអនុគ្រោះ​ឲ្យ​គ្នា អត់ឱន​ឲ្យ​ទោស​ឲ្យ​គ្នា​ទៅវិញទៅមក ឈានទៅដល់​ការដោះលែង​បងប្អូន​យើង ជាពិសេស​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​”​។ លោក​បាន​បន្តថា​៖ “​យើងខ្ញុំ​ក៏បាន​សូម​អំពាវនាវ​តាមរយៈ​សម្តេច​ក្រឡាហោម ស ខេង ទៅដល់​សម្តេច​តេ​ប​ជោ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សេន សុំ​ឲ្យ​លោក​មាន​ចិត្តល្អ ជួយ​ធ្វើ​ម៉េច​ឲ្យ​ខ្មែរ​បាន​ជានា​គ្នា​ពេញលេញ ហើយ​អ្នក​ដែល​គ្នា​ជាប់ពន្ធនាគារ មកទល់ពេលនេះ ឲ្យ​មាន​សិទ្ធិសេរីភាព​ឡើងវិញ ឬក៏​មានឱកាស​ទៅ​ជួប​ជាមួយនឹង​គ្រួសារ​ក្នុងឱកាស​ភ្ជុំបិណ្ឌ​ខាងមុខនេះ​”​។​

​គួររំឭកថា មកដល់ពេលនេះ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​២០​រូប​ហើយ​ដែល​កំពុង​ជាប់ពន្ធនាគារ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុកថា​ជា​រឿង​នយោបាយ​ទៅវិញ​។​
​លោក ស ខេង មានប្រសាសន៍ថា ភាគី​ទាំងពីរ​នឹង​បន្ត​វប្បធម៌​សន្ទនា​។ ប៉ុន្តែ​លោក​ឆ្លើយតប​ថា ការដោះលែង​សកម្មជន​មិនមែនជា​របៀបវារៈ​ដែល​ត្រូវ​ជជែក​ពិភាក្សាគ្នា​នៅថ្ងៃនេះ​ទេ ចំណែក​វប្បធម៌​សន្ទនា និង​ការ​រួបរួមគ្នា គឺ​ត្រូវ ” ឈរលើ​គោលការណ៍​ច្បាប់​ជា​ធរមាន ” ។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​២២​ខែកញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​លោក សម រង្ស៊ី ឲ្យ​បកស្រាយ​លើ​ករណី​ដែល​ប្រៀបធៀប​រូបលោក​ទៅនឹង​អតីត​ប្រធានាធិបតី​របស់​លី​ប៊ី លោក ហ្គា​ដា​ហ្វី ( Muammar Gaddafi )​ដែល​គេ​ហៅថា ជា​ជន​ផ្ដាច់ ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ដោយ​សង្កត់ធ្ងន់ថា បើ​មិនមាន​ការបកស្រាយ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិនអាច​តថ្លៃ​អ្វី​បាន​នោះទេ​ “​បើ​គ្មាន​ការបកស្រាយ​ណាមួយ​ទេ គឺ​អ្វីដែល​អ្នកឯង​ចង់បាន​គឺ​អត់ ម៉ោង​នេះហើយ​គ្មាន​សល់​អ្វី សន្លឹក​បៀ​អាត់​ណាមួយ​ដើម្បី​តថ្លៃ​នោះទេ​។ អស់ហើយ ! ” ៕​ដោ​យះ​ខេមរា​

unhyhuu