ភ្នំពេញ៖ ឆ្នាំ២០១៥នេះមតិភាគច្រើនបានលើកឡើងថា ប្រជាប្រិយភាព ឱក សុគន្ធកញ្ញា មិនខ្លាំងដូចបណ្តាឆ្នាំមុនៗនោះទេ។ បញ្ហាគឺបណ្ដាលមកពីនាងមានបទចម្រៀងចេញលក់តិច និងមិនសូវផ្ទុះការគាំទ្រពីសំណាក់ទស្សនិកជន ប៉ុន្តែនាងបែរជាល្បីឈ្មោះខ្លាំងនៅលើកកញ្ចក់ទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី The Voice Cambodia និង Cambodian Idol ទៅវិញ។
ក្នុងការបង្ហាញវត្តមាននៅលើឆាកតន្ត្រីខារ៉ាបាវ របស់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ថ្មីៗនេះ កញ្ញាក៏បានលើកយកបទចម្រៀងមេឡូឌីថ្មី មិនបានយកបទចម្រៀងចាស់ៗ មកច្រៀងទេ។ វត្តមានដ៏កម្រនៅលើឆាកតន្ត្រីទូរទស្សន៍នេះ ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវឱ្យទស្សនិកជនចូលរួមគាំទ្របទចម្រៀងថ្មីរបស់នាងផងដែរ ដោយនាងបន្តថា ការរួលគាំទ្ររបស់ទស្សនិកជនជាចំណែកលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរឱ្យរីកចម្រើន និងលើកទឹកចិត្តកូនខ្មែរដែលមានស្នាដៃឱ្យមានចិត្តតស៊ូបន្តនិពន្ធបទចម្រៀង ថ្មីៗបន្តទៀត។
ប៉ុន្តែនៅពេលច្រៀងចប់កញ្ញាត្រូវបានពិធីករ ពិធីការិនី សួរនាំពីទំនុកចិត្តទទួលបានការគាំទ្រនៅឆ្នាំថ្មីខាងមុខកម្រិតណានោះ ឱក សុគន្ធកញ្ញា ប្រាប់ថា នាងមិនទាន់ហ៊ានទស្សន៍ទាយថា ឆ្នាំថ្មី២០១៦ នាងនឹងទទួលបានជោគជ័យកម្រិតណានៅឡើយទេ គឺរង់ចាំឱ្យទស្សនិកជនគាំទ្រសិនទើបអាចវាងស្ទង់ចំណុចនេះបាន។ ប៉ុន្តែនាងក៏បានបញ្ជាក់ថា នាងនៅតែខិតខំបង្ហាញបទចម្រៀងថ្មីៗមិនចំណងគេឱ្យបានច្រើន ដើម្បីផ្គាប់ចិត្តទស្សនិកជន ក៏ដូចជាចង់បានការគាំទ្រមកវិញផងដែរ៕ ដោយៈ បញ្ញា