ភ្នំពេញ៖មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រតិកម្មតបទៅលើការលើកឡើងរបស់គណបក្សប្រឆាំងជុំវិញទំនាក់ទំនង កម្ពុជា-ចិន។ មន្ត្រីទាំងនេះយល់ថា ចិនមិនមែនជាដៃគូបិសាចរបស់កម្ពុជា នោះទេ ផ្ទុយទៅវិញ ចិនកំពុងចូលរួមជួយកម្ពុជា ឲ្យមានការអភិវឌ្ឍទៅមុខ។
ប្រតិកម្មតបនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងលើកឡើងថា ប្រទេសកម្ពុជា អាចក្លាយជង្រុកនៃការកេងចំណេញរបស់ប្រទេសចិន ប្រសិនបើកម្ពុជា មិនធ្វើនយោបាយការទូតជាមួយចិន ដោយប្រុងប្រយ័ត្នទេនោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែតុលា ថា លោកព្រួយបារម្ភពីការបាត់បង់តុល្យភាពជាមួយប្រទេសមហាអំណាច និងអព្យាក្រឹតភាពរបស់ប្រទេសកម្ពុជា នៅលើនយោបាយការបរទេស ស្របពេលដែលកម្ពុជា បង្ហាញពីការទោរទន់ទៅរកប្រទេសចិន។ លោកថា កម្ពុជាគួរប្រកាន់នយោបាយអព្យាក្រឹតក្នុងនយោបាយការបរទេសរបស់ខ្លួន។
ទោះបីជាបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ឆ្លើយតបថា ប្រទេសកម្ពុជា កំពុងប្រកាន់នយោបាយអព្យាក្រឹត ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ លោកបន្តថា ប្រទេសកម្ពុជា បើកចំហទំនាក់ទំនងជាមួយប្រទេសផ្សេងៗនៅលើពិភពលោក ហើយថា ប្រទេសចិន ក៏បានគោរពអធិបតេយ្យភាព ហើយមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៖ «នយោបាយ ការបរទេសរបស់យើងទាំងអស់ គឺយើងស្វាគមន៍ទាំងអស់ ទាំងជំនួយ ទាំងវិនិយោគ ទុនមកពីគ្រប់ទិសទាំងអស់ ពិសេសការលើកឡើងថា ការទទួលជំនួយរបស់ចិន ធ្វើឲ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស ជាការលើកឡើងដែលមិនត្រឹមត្រូវ»។
លោក សុន ឆ័យ ក៏បានថ្លែងផងដែរថា នៅពេលដែលប្រទេសកម្ពុជា មានប្រាក់បំណុលរបស់ចិន ច្រើន អាចធ្វើឲ្យបាត់បង់ឯករាជ្យភាពនយោបាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពជាតិ។
យ៉ាងណាមិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អះអាងថា កម្ពុជាមានសមត្ថភាពការពារសន្តិភាព ហើយលោកព្រមានដល់គណបក្សប្រឆាំង ថានឹងត្រូវទទួលខុសត្រូវ ប្រសិនបើគណបក្សប្រឆាំងធ្វើនយោបាយយកបរទេសជាខ្នងបង្អែក ដើម្បីក្រឡុកប្រជាជនខ្លួនឯង៖ «ទំនាក់ទំនងរបស់ប្រទេសកម្ពុជា ឈរលើរដ្ឋធម្មនុញ្ញ អព្យាក្រឹត អចិន្ត្រៃយ៍ ដូច្នេះវាគ្មានបញ្ហាអ្វីដូចបក្សប្រឆាំងទេ។ ផ្ទុយទៅវិញ គណបក្សប្រឆាំងខ្លួនឯងនឹងត្រូវរដ្ឋអំណាចបង្ក្រាបជាបន្ទាន់ បើសិនជាបក្សប្រឆាំងធ្វើនយោបាយឧទ្ទាមនិយម បំផ្លាញសន្តិភាព ដោយយកមហាអំណាចណាមួយនៅពីក្រោយខ្នង ដូចឆ្នាំ២០១៣។ អីចឹងកម្ពុជា មានសមត្ថភាពការពារសន្តិភាព មិនដូច ប៉ុល ពត មិនដូចលន់ នល់ ហើយមិនដូចលោក សម រង្សី លោក កឹម សុខា»។
លោក សុន ឆ័យ ក៏បានបញ្ជាក់ដែរថា បើទោះបីជាប្រទេសចិន ផ្ដល់ជំនួយអភិវឌ្ឍន៍ និងប្រាក់កម្ចីច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា ក៏ដោយ ក៏ប៉ុន្តែប្រទេសចិន ភាគច្រើន “កោរខ្មែរមិនដាក់ទឹក” តាមរយៈនយោបាយកេងប្រវ័ញ្ច៖ «គេអាចយករ៉ែដែកពី ប្រទេសយើងទៅ ដោយមិនបាច់បង្កើតជាក្រុមហ៊ុន ចែកភាគហ៊ុនទេ។ ជារបៀបដោះដូរគ្នារវាងសម្ភារៈយោធា និងធនធានរបស់យើង»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលការអះអាងនេះ។ លោក ផៃ ស៊ីផាន ហៅតំណាងរាស្ត្របក្សប្រឆាំងរូបនេះថា ជា “មេភរ”។ លោកពន្យល់ថា ប្រទេសចិន តាមរយៈជំនួយអភិវឌ្ឍន៍ និងប្រាក់កម្ចី បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ។
លោកបន្ថែមទៀតថា ប្រទេសចិន ក៏បានចូលរួមចំណែកអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរទាន់ជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីអាចប្រកួតប្រជែងពេលសមាហរណកម្មអាស៊ានមកដល់៖ «ឯកឧត្ដម សុន ឆ័យ និយាយទៅឲ្យតែពីរោះស្ដាប់ទៅទេ ខ្ញុំអត់ទទួលយកទេ ដូចជានិយាយថា ដឹករ៉ែពីព្រះវិហារ ទៅស្រុកចិន។ បង្ហាញដឹកទៅពេលណា? ដឹកទៅក្នុងលក្ខណៈជាពាណិជ្ជកម្ម ឧស្សាហកម្ម នៅពេលណា? មេភរ បក្សហ្នឹងបក្សភរទេ»។
បន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅថ្ងៃទី១៥ ខែតុលា កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ពហុកីឡាដ្ឋាន “មរតកតេជោ” កិច្ចព្រមព្រៀងផ្ដល់ថវិកា កិច្ចព្រមព្រៀងវិនិយោគលើវិស័យឧស្សាហកម្ម និងកៅស៊ូ កិច្ចព្រមព្រៀងបណ្ដុះបណ្ដាលវិនិយោគ និងកសិឧស្សាហកម្ម និងកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជា ក្នុងមួយឆ្នាំៗ ១០ម៉ឺនតោន ដោយចាប់ផ្ដើមពីឆ្នាំ២០១៦ ទៅ។ ប្រទេសចិន នឹងផ្ដល់ជំនួយឥតសំណង់ដល់ប្រទេសកម្ពុជា ប្រមាណ ១ពាន់លានយ័ន ឬស្មើជាង ១៥៧លានដុល្លារ៕
ប្រភព៖ អែអេហ្វអា
លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ តុលា បានបើកជំនួបក្រៅផ្លូវការដាច់ ដោយឡែកជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានប្រជាជនចិន។ ក្រោយជំនួប ចិនបានសម្រេចចុះហត្ថលេខាចំនួន៥ជាមួយនឹងកម្ពុជា និងផ្តល់ជំនួយឥតសំណង១ពាន់លានយ័នដែលស្មើនឹងប្រមាណ១៥៧លាន ដុល្លារអាមេរិក។
២១-ធ្នូ-០៩: លោកអនុប្រធានាធិបតីចិន ស៊ី យិនពីង (Xi Jinping) [ឆ្វេង] និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ