ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នៅរសៀលថ្ងៃទី១៩តុលានេះ បានចេញនូវឯកសារ ៧ ទំព័រ ជាភាសាខ្មែរ អមដោយរូបថត និងឯកសារកិច្ចព្រមព្រៀងមួយចំនួនទៀត នៅមុនពេលខួបលើកទី២៤ ថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣តុលា នៅឆ្នាំ២០១៥ ឈានមកដល់ ។
ឯកសារលើហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា “ការពន្យល់បកស្រាយអំពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និង អតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាព និងការបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៧ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំជានិច្ចនូវបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះបរមរតនកោដិ និងប្រមុខដឹកនាំកម្ពុជា”។
នាព្រឹកថ្ងៃទី១៩ ខែតុលា នេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ ការសិក្សារបស់សាកលវិទ្យាល័យ វេស្ទើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅក្រុមប្រឆាំងថា ចាប់ពីពេលនេះតទៅលោកនឹងប្រើប្រាស់ហ្វេសប៊ុក ដើម្បីទប់ទល់នឹងអ្នកដែលវាយប្រហារលោកកន្លងមក។ លោកបន្តថា លោកនឹងប្រើប្រាស់ប្រព័ន្ធសង្គមមួយនេះក្នុងការតតាំងជាមួយអ្នករិះគន់រូបលោក ៖ “ឥឡូវ លេងហ្វេសប៊ុកម្តង គ្រាន់តែថាគេវាខ្ជិលតើ។ អ្នកឯងចិញ្ច្រាំខ្ញុំតាមហ្វេសប៊ុក ខ្ញុំក៏ចិញ្ច្រាំអ្នកឯងតាមហ្វេសប៊ុកដែរ។ ខ្ញុំក៏រកវិធីពន្យល់មនុស្សតាមរយៈហ្វេសប៊ុកដែរ ” ។
គួរបញ្ជាក់ថា កន្លងទៅ លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវគេមើលឃើញថា បានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកក្នុងការបង្ហោះសារនយោបាយផ្សេងៗបង្កប់ដោយការឃោសនារកសំឡេងឆ្នោត ហើយករណីខ្លះក៏មានការរិះគន់រដ្ឋាភិបាលដោយឥតសំចៃ។ដោយឡែកលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនក៏ដោយសារតែបានប្រើប្រាស់បណ្តាញហ្វេសប៊ុកបង្ហោះនូវឯកសារក្លែងស្តីពីសន្ធិសញ្ញាកម្ពុជា វៀតណាម ក្នុងអំឡុងទសវត្សរ៍ទី៩០ ផងដែរ ៕ដោយ៖ខេមរា