ភ្នំពេញ៖អគ្គិភ័យដ៏កាចសាហាវមួយបានឆាបឆេះរោងចក្រកាត់ដេរ គង់ គង់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យ៉ាងសន្ធោសន្ធៅស្ទើរទាំងស្រុង បើទោះបីជាមានរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឲ្យភ្លើងឆេះរាយដាលបន្តទៀតយ៉ាងណាក៏ដោយ។
លោក ជុំ សារ៉ាយ ប្រធានសង្កាត់ភ្នំពេញថ្មី បានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះនៅម៉ោងប្រមាណ៦ និង៣០នាទីល្ងាច ដោយផ្តើមចេញពីអាគារកាត់ដេររបស់រោងចក្រ រួចក៏រាលទៅអាគារឃ្លាំងផ្ទុកកំណាត់ និងការិយាល័យរបស់រោងចក្រ។
លោកចៅសង្កាត់ ជុំ សារ៉ាយ បន្តថា អាគារកាត់ដេររបស់រោងចក្រត្រូវបានឆេះស្ទើរតែទាំងស្រុង បើទោះបីជាមេឃមាន និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងសម្រុកអន្តរាគមន៍បែបណាក៏ដោយ។ មិនមានរបាយការណ៍ពីអ្នករងគ្រោះនៅក្នុងអគ្គិភ័យនេះនោះទេ ប៉ុន្តែលោកចៅសង្កាត់បានសមត្ថកិច្ចសន្និដ្ឋានថា អគ្គិភ័យនេះអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយសារវាកើតឡើងក្រោយពេលកម្មករចេញពីធ្វើការ ៕ដោយ ៖ រដ្ឋា