ភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នករកស៊ីទិញ-លក់រថយន្ត កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នពាក់ព័ន្ធនឺងករណីឆបោកលុយកក់ជាង១០ម៉ឺនដុល្លារក្នុងកិច្ចសន្យាលក់រថយន្តម៉ាក Land Rover Vouge ស៊េរី២០១៤ ។
មន្ត្រីនគរបាលបញ្ជាក់ថា បុរសត្រូវចោទមានឈ្មោះ ឈាង សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់រថយន្ត មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលលេខ២០៧ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្តរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជួនទៅកាន់សាលាដំបូងកាលពីល្ងាចថ្ងៃទី១៦ តុលា តាមពាក្យបណ្តឹងរបស់ឈ្មោះ ថៃ ឈុនគ្រី ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកជំនួញ ស្នាក់នៅផ្ទះលេខ៦E០ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ដើមបណ្តឹងលោក ថៃ ឈុនគ្រី ក៏ជាមនុស្សស្និទនឹងឈ្មោះ ឈាង សុផល ដែរនាពេលកន្លមក។
នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ម៉ាំង សុខលុច បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីលោក ថៃ ឈុនគ្រី
ចោទពីបទឆបោកលុយ១០ម៉ឺនដុល្លារអាមេរិក កម្លាំងរបស់លោកចាប់ខ្លួនឈ្មោះ ឈាង សុផល នៅផ្ទះជួលខាងលើ មកសាកសួរតាមនីតិវិធី កាលពីរសៀលថ្ងៃទី១៨ ខែតុលា ដោយមានការចូលរួមពីលោក ស៊ុំ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ថៃ ឈុនគ្រី បានឲ្យដឹងថា នៅអំឡុងខែមេសាឆ្នាំ២០១៥ ឈ្មោះ ឈាង សុផល បានប្រើឈ្មោះក្រុមហ៊ុន Asia Business Solution(Cambodia)Co,ltd ថា ជាក្រុមហ៊ុនរបស់គាត់ ហើយប្រាប់គាត់(ថៃ ឈុនគ្រី) និងប្រពន្ធ ដែលធ្លាប់ស្គាល់គ្នាយូរមកហើយនោះថា “មានលក់រថយន្តស៊េរីទំនើបៗច្រើនប្រភេទអាចបញ្ជាទិញតាមចិត្តចង់រយៈពេលតែ៤សប្តាហ៍ គិតចាប់ពីថ្ងៃចុះកិច្ចសន្យា និងទទួលប្រាក់កក់”។
បណ្តឹងសរសេរថា ឮដូច្នេះគាត់ និងប្រពន្ធគាត់បានបញ្ជាទិញរថយន្តម៉ាក Land Rover Vouge ស៊េរី២០១៤ មួយគ្រឿង ដោយបានធ្វើកិច្ចសន្យាទិញលក់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ក្នុងតម្លៃ ១២៨.០០០ ដុល្លារ(ដប់ពីរម៉ឺនប្រាំបីពាន់អាមេរិក ) ហើយឈ្មោះ ឈាង សុផល តម្រូវឲ្យកក់លុយ ៥០ភាគរយ ស្មើនឹង៦៤.០០០ ដុល្លារ ។បន្ទាប់មកទៀត ឈាង សុផល ប្រាប់ថា “រថយន្តនោះកំពុងនៅលើកប៉ាល់ ហើយនៅខែមិថុនា នឹងមកដល់កំពង់ផែព្រះសីហនុ ដូចនេះត្រូវបង់ថែម៣០ភាគរយទៀត។ ដោយការជឿទុកចិត្ត លើ ឈាង សុផល គាត់ក៏បានបង់៣០ភាគរយទៀត ស្មើនឹង៣៨.០០០ដុល្លារ ។
ពាក្យបណ្តឹងបានសរសេរទៀតថា ក្រោយពេលទទួលលុយបានហើយឈ្មោះ ឈាង សុផល បានប្រគល់លិខិត B/L លេខ ៦០៣៩២៩០៧០ចុះថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៥ ជាភាសាអង់គ្លេសតាមរយៈសារអេឡិចត្រូនិច (Email) នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ថា កុងតឺន័រលេខ MRKU០០៣៤៥៦០ មានរថយន្តម៉ាក Land Rover Vouge ស៊េរី២០១៤ និងភ្ជាប់នូវរូបថតរថយន្តច្រើនសន្លឹក ហើយនៅពេលប្រគល់រថយន្តខ្លួននឹងយកលុយ២០ភាគរយទៀត។ លុះដល់ថ្ងៃប្រគល់រថយន្តស្រាប់តែ ឈាង សុផល ប្រាប់ថា “រថយន្តដែលខ្លួនបញ្ជាទិញត្រូវបានគយចាប់ និងកម្ទេចចោលអស់ហើយ”។ បន្ទាប់មកគាត់បានពឹងមេធាវីឲ្យទៅស្រាវជ្រាវ គឺពុំមានករណីកម្ទេចរថយន្តនោះទេ។
ក្រោយមកលោកក៏បានទារលុយ ១០ម៉ឺនដុល្លារអាមេរិកវិញ តែត្រូវបានឈ្មោះ ឈាង សុផល ពុំព្រមប្រគល់ប្រាក់ ហើយបានគេចវេះរហូត ទើបលោកសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន និងនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញរហូតដល់រសៀលថ្ងៃទី១៩ តុលា តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទឆបោក និងចាត់បញ្ជួនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំអនុវត្តនីតិវិធីបន្តបន្ទាប់ទៀត៕ដោយះរដ្ឋា
ជនត្រូវចោទ ឈាង សុផល