នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​នឹង​សំណេរវាយប្រហារ ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក យ៉ែម បុញ្ញឫទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2015 ក+ ក-

​ភ្នំពេញ​៖ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ​២០​តុលា​នេះ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ែម បុញ្ញឫទ្ធិ ដែល​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក “ អ្នកនយោបាយ​ត្រូវ​ហ៊ាន​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​ការរិះគន់​នានា​”​។​

នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ ដោយ​សម្តី​ខ្លាំងៗ និយាយ​ចំៗ និង​លើកដៃ​ចង្អុល​ទៅ​លោក យ៉ែម បុញ្ញឫទ្ធិ ដែលជា​អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​មួយរូប ដែល​កំពុងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ដែរនោះ​ថា “​ខ្ញុំ​មិនដែល​គម្រាម​នរណា​ទេ​។ ក៏ប៉ុន្តែ​សុំ​បើ​ខឹង​កុំ​លេង បើ​លេង​កុំ​ខឹង​។ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ​! ឯកឧត្តម ប្រដៅ​ខ្ញុំ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​។ ប៉ុន្តែ​ឯកឧត្តម កុំ​ភ្លេច​គិតថា មេ​របស់​ឯកឧត្តម ប្រមាថ​ចំពោះ​រឿង​ក្នុងស្រុក​ទាំងមូល​។ ឯកឧត្តម បែរជា​ប្រដៅ​ខ្ញុំ ឲ្យ​ខ្ញុំ​បើក​ចិត្ត​ឲ្យ​ទូលាយ​។ យកទៅ​គិតគូរ​។ រឿងរ៉ាវ​វា​មិនទាន់​ចប់​ទេ​។ បើ​អស់លោក​ចង់​បន្ត ខ្ញុំកំដរ​លេង​។ ខ្ញុំ​បាន​ប្រាប់​ទៅ​រង្ស៊ី​ហើយ ហើយ​នៅក្នុង Whatsup របស់ខ្ញុំ​ដដែល​ទេ​។ ខ្ញុំកំដរ​លេង​គ្រប់​ទម្រង់​លេង​។ គ្រប់​រដូវ​កាល និង​គ្រប់​រសជាតិ​។ ក្តៅ ត្រជាក់ ផ្អែម ល្វី​ញ ជូរ ចត់ ខ្ញុំ​លេង​បាន​ទាំងអស់​”​។​

នៅពេល​ចេញពី​កិច្ចប្រជុំ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក គឺ​លោក​មិនបាន​និយាយ​សំដៅលើ​បុគ្គល​ណា​ម្នាក់​ទេ​។ លោក​គ្រាន់តែ​ចង់​បញ្ជាក់​គឺ​ក្នុង​ផលប្រយោជន៍​រួម និង​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​

សូម​រម្លឹកថា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​និង​បង្ហោះ​វិ​ដេ​អូ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ម្សិលមិញ​ថា “ អ្នកនយោបាយ​ត្រូវ​ហ៊ាន​បើក​ចិត្ត​ទូលាយ ក្នុងការ​ទទួលយក​ម​តិ​រិះគន់​ស្ថាបនា ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ប្រៀបដូចជា​កញ្ចក់​ឆ្លុះ ដើម្បី​ធ្វើការ​កែលម្អ តែ​មិនជា​កញ្ចក់​បង្អួច​កញ្ចក់​ទ្វារ​”​។

ការលើកឡើង​របស់​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់​មានការ​ប្រតិកម្ម​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅកាន់​លោក​សម រង្ស៊ី ដែល​បាន​រិះគន់ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា មាន​លក្ខណៈ​ទន់ខ្សោយ​បំផុត ហើយ​មិនមាន​តម្លៃ​៕ដោយ៖រដ្ឋា

gvuuu

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​កិច្ចសម័យពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ