ស៊ីរី៖ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ការវាយប្រហាររបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច៣៧០នាក់ ដែលនៅក្នុងនោះមាន៣៦នាក់ជាកុមារ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការការពារសិទ្ធិមនុស្សស៊ីរី (OSDH)។ ទន្ទឹមនោះអង្គការអូតង់កាលពីថ្ងៃអង្គារក៏បានសំដែងក្តីបារម្ភ ខ្លាចក្រែងមានការប៉ះទង្គិចគ្នា រវាងយន្តហោះចម្បាំងរុស្ស៊ី និងយន្តហោះរបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក ដែលមានបេសកកម្ម វាយប្រហារក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងអ៊ីរ៉ាក់។
តាមរបាយការណ៍របស់ OSDH បានឲ្យដឹងថា គ្រាន់តែនៅចុងសប្តាហ៍មុននេះ ទាហានរបស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ៤០នាក់បានស្លាប់ នៅក្នុងការវាយប្រហារ របស់យន្តហោះចម្បាំង ដែលគេដឹងថា មិនមែនជារបស់សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក។ មន្ទីរបញ្ចកោន កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ប្រតិបត្តិការរបស់សម្ព័ន្ធអន្តរជាតិ ទើបបានសម្លាប់មេកើយថ្មីមួយទៀត របស់ក្រុមកូរ៉ាសាន ដែលអាមេរិកចាត់ទុកជាក្រុមភេរវនិយមដ៏គ្រោះថ្នាក់សម្រាប់សន្តិសុខ អាមេរិក។
ទោះជាយ៉ាងណាប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយ ថា ក្រៅពីស៊ីរី អង្គការក្រុមភេរវនិយមកំពុងគ្រោងនឹងពង្រីកដែនឥទ្ធិពលរបស់ខ្លួន នៅក្រៅប្រទេស និងដើរអុកឡុក បង្កអសន្តិសុខ នៅតំបន់ផ្សេងទៀត។ និយាយនៅក្នុងអង្គប្រជុំជាមួយមន្ត្រីយោធា ជាន់ខ្ពស់រុស្ស៊ី មន្ត្រីតុលាការ និងភ្នាក់ងារស៊ើបការណ៍សម្ចាត់រុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី បានប្រកាសដែរថា អន្តរាគមន៍ទ័ពរុស្ស៊ី នៅស៊ីរីបានបង្ហាញថា រុស្ស៊ី មានសមត្ថភាព អាចប្រឈមមុខ រាល់ការគំរាមកំហែង ពីក្រុមភេរវនិយម ឬការគំរាមកំហែងពីប្រភពដទៃទៀត៕