ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំខ្លួនលោកមេធាវី ជា ហៃ យកទៅសាកសួរពាក់ព័ន្ធបណ្ដឹងចោទប្រកាន់ប្រើអំពើហិង្សា និងលួចសហាយស្មន់ ប្រពន្ធអ្នកដទៃ។បន្ទាប់មកសមត្ថកិច្ចបានដោះលែងវិញ តាមការចេញមុខធានារបស់មេធាវីម្នាក់ទៀត ។
ការឃាត់នាំខ្លួននេះធ្វើឡើងនៅក្នុងហាងរកស៊ី ទិញ លក់ និងបញ្ចាំមួយកន្លែងនៅខាងមុខក្លឹបកម្សាន្ត ៣៣៣ តំបន់ជាប់របងមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។
មន្ត្រីនគរបាលមួយរូបបានបញ្ជាក់ឲ្យដឹងថា លោកមរធាវី ជា ហៃ ជាកូនប្រសាលោក គង់ ស្រីវ អនុប្រធានតុលាការកំពូល ត្រូវបានបុរសម្នាក់ឈ្មោះ គុណ ប៊ុនថា ដាក់ពាក្យប្តឹងចោទប្រកាន់ចំនួន២ករណី គឺករណីប្រើអំពើហិង្សា និងករណីលួចសហាយស្មន់ ប្រពន្ធរបស់គាត់ឈ្មោះឯម រ៉ានី។
ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅធ្វើការដល់កន្លែងភ្លាមៗ ពេលរូបគាត់(ជា ហៃ)កំពុងមានវត្តមាននៅក្នុងហាងរកស៊ី សេវាកម្មបញ្ចាំខាងលើ ក្នុងគោលបំណងអញ្ជើញឲ្យចូលខ្លួនតាមសម្រួលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ខាងលើ។ ប៉ុន្តែដោយសារលោក ជា ហៃ មិនព្រមទៅតាមការអញ្ជើញ ទើបសមត្ថកិច្ចបង្ខំចិត្តអនុវត្តន៍តាមនីតិវិធីបង្កឲ្យមានភាពភ្ញាក់ផ្អើលតែម្តង។
ទោះជាយ៉ាងនេះក្តី លោកមេធាវី ជា ហៃ បានបដិសេដទាំងស្រុងទៅនឹងបណ្តឹងចោទ ប្រកាន់ខាងលើ ដោយបញ្ជាក់ថា រវាងលោក និងស្ត្រីឈ្មោះ ឯម រ៉ានី គឺជាដៃគូរកស៊ីដាក់ហ៊ុនជាមួយគ្នា ក្នុងហាងសេវាកម្មទិញលក់ និងបញ្ចាំ (យីហោ អានី) នៅកន្លែងកើតហេតុខាងលើ ហើយក៏គ្មានទំនាក់ទំនងអ្វីពាក់ពន្ធ័រឿងស្នេហានោះទេ។
លោក គុណ ប៊ុនថា ដើមចោទ ត្រូវជាប្តីរបស់ស្ត្រី ឯម រ៉ានី បានរៀបរាប់ក្នុងបណ្តឹងថា រូបគាត់ជាជនរងគ្រោះ ពេលតាមទាន់ប្រពន្ធប្រព្រឹត្តអំពើមិនគប្បី ហើយក៏សាកសួររកខុសត្រូវ ស្រាប់តែប្រពន្ធរបស់គាត់ និងលោកមេធាវី ជា ហៃ រួមគ្នាប្រព្រឹត្តអំពើហឹង្សា មកលើរូបគាត់ថែមទៀត។
ក្រោយពីនគរបាលបញ្ចប់ការសាកសួរ លោក ជា ហៃ ត្រូវបានដោះលែងវិញភ្លាមៗ បន្ទាប់ពីមានមេធាវីរបស់គាត់ម្នាក់ឈ្មោះ ឈុន ជ្រា បំពេញបែបបទសុំធ្វើការធានាសុំនៅក្រៅឃុំ៕ដោយ៖រដ្ឋា