ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បានថ្លែងចំអកថា លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងហូរទឹកភ្នែកព្រោះតែមិនអាចគ្រប់គ្រងអាវុធដែលបង្កឱ្យមានការបាញ់បោះនៅតាមទីសាធារណៈ សម្លាប់ពលរដ្ឋអាមេរិកជាហូរហែនាពេលកន្លងមកនេះ។
នៅក្នុងពិធីមួយកាលពីថ្ងៃព្រហស្បតិ៍ទី ២២ ខែតុលា នៅរាជធានីភ្នំពេញ លោក នាយករដ្ឋមន្ត្រីបានថ្លែងថា សហរដ្ឋអាមេរិកបរាជ័យក្នុងការបង្កើតច្បាប់គ្រប់គ្រងអាវុធ ខណៈដែលកម្ពុជាអាចធ្វើបានជោគជ័យតាមរយៈការអប់រំប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ “សហរដ្ឋអាមេរិកឥឡូវ ដល់ថ្នាក់ប្រធានាធិបតីរបស់ខ្លួនស្រក់ទឹកភ្នែកហើយ ព្រោះផ្ទះណាក៏មានកាំភ្លើង អ្នកណាក៏មានសិទ្ធិទិញកាំភ្លើង ទីបំផុតកាំភ្លើងហ្នឹងបាញ់តែតាមសាលារៀន បាញ់តាមទីកន្លែងសារធារណៈ” ។
លោកបន្តថាប្រធានាធិបតីខំប្រឹងធ្វើ ច្បាប់ដើម្បីគ្រប់គ្រងអាវុធ កុំឱ្យមានលក់អាវុធទៅទៀត តែសភាមិនព្រមអនុម័តហើយសម្រាប់កម្ពុជាគឺមិនដូច្នេះទេ។
គួររំឭកថា ក្នុងកិច្ចប្រជុំអង្គការសហប្រជាតិកាលពីពេលថ្មីៗនេះ លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងសុន្ទរកថារិះគន់លើមេដឹកនាំប្រទេសមួយចំនួននៅលើពិភពលោកពាក់នឹងបញ្ហាសទ្ធិមនុស្ស ហើយក្រុមឃ្លាំសិទ្ធិមនុស្សជាពិសេសអង្គការHuman Rights Watch ធ្លាប់បានចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាបុរសខ្លាំងនៅកម្ពុជា។
អ្នកគាំទ្រការដឹកនាំនយោបាយនៅកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គេអាចនិយាយថា ជាបុរសខ្លាំងបាន ព្រោះការបញ្ចប់សង្គ្រាមដោយមិនប្រើអាវុធ ការបង្រួបបង្រួមជាតិ សុខសន្តិភាពពេញផ្ទៃប្រទេសរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់ពីវិរៈភាពរបស់បុរសខ្លាំងនោះបានឡើយ៕ដោយ៖រដ្ឋា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២២តុលា ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វា