កណ្តាល៖កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា នេះ តំណាងប្រជាពលរដ្ឋស្រុកស្អាងចំនួន៣ឃុំ ផ្ទុះការតវ៉ាលើកទី៤ ក្នុងករណីលោកវិតធារិទ្ធ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានបំពានជីកទំនប់ព័ទ្ធយកដីបឹងបុរាណមួយដែលជាអាងស្តុបទឹកយ៉ាងសំខាន់សម្រាប់ពួកគាត់ស្រោចស្រពដំណាំ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញចុះត្រួតពិនិត្យកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ហើយហាក់ព្រងើយកន្តើយ មិនគិតគូរដោះស្រាយនិងបានពន្យារពេលអស់ជិតមួយខែមកនោះ ។
គួរបញ្ជាក់ថា ដីបឹងបុរាណមួយនេះ មានឈ្មោះថា បឹងអួក ស្ថិតនៅក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលមានទំហំ ១៨ហិកតា ហើយបច្ចុប្បន្នត្រូវបាន លោក វិត ធារិទ្ធ រំលោភយកជិតអស់ទៅហើយ គឺនៅសល់តែប្រមាណជា៣ទៅ៤ហិកតា តែប៉ុណ្ណោះ ។ បឹងបុរាណមួយនេះ អាចស្តុបទឹកសម្រាប់ប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំរការខ្ពស់ ឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រោចស្រពដំណាំស្រែចម្ការ និងជាបឹងមួយសម្រាប់ពួកគាត់កាប់អុសដុត នេសាទត្រីរកទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងរដូវប្រាំង និងរដូវវស្សា ។
ការតវ៉ានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ជួយដោះស្រាយ ធ្វើយ៉ាងណាឲ្យលោកវិត ធារិទ្ធ ប្រគល់ដីបឹងដែលខ្លួនរំលោភយកនោះ ឲ្យពួកគាត់វិញ មិនត្រូវចេះតែពន្យាពេល យកលេសនេះ លេសនោះ ហើយមិនដោះស្រាយជូនពួកគាត់នោះទេ ។ ប្រជាពលរដ្ឋនិយាយថា បើអាជ្ញាធរមិនដោះស្រាយតាមការទាមទាររបស់ពួកគាត់នោះទេ ពួកគាត់នឹងធ្វើការតវ៉ារហូតថ្នាក់ខេត្តបន្តទៀត ៕ដកស្រង់ដោយ៖ សួង សាម