បាតុកម្មឲ្យដកតំណែង​លោក កឹម សុខា បង្ក​ឲ្យ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ២​រូប រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​ភ្នំពេញ​: តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៦ តុលា​នេះ បាន​រងរបួស​ក្បាល និង​រថយន្ត​ត្រូវបាន​វាយកម្ទេច​ដោ​យ​មនុស្ស​មួយក្រុម​ក្នុង​ហេតុការណ៍​ផ្ទុះ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ​ដែល​តវ៉ា​នៅមុខ​រដ្ឋសភា ទាមទារ​ឲ្យ​ដកតំណែង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ នៃ រដ្ឋសភា​។​

​អ្នករាយការណ៍​ព័ត៌មាន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​រាប់ពាន់នាក់ បានធ្វើ​បាតុកម្ម និង​ដាក់​ញ​តិ​ទៅកាន់​រដ្ឋសភា ដើម្បី​ឲ្យ​ដកតំណែង លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រកាន់ថា​លោក កឹម សុខា ជា​”​មនុស្ស​បោកប្រាស់ ក្រឡេច​ក្រឡុក និង​ជា​អ្នក​ដែល​នាំទុក្ខ​ដល់​ប្រជាពលរដ្ឋ​” ។​

​លុះ​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ពេល​លោក​ ញ៉ ចំរើន និ​ងតំណាងរាស្ត្រ​មួយរូប​ទៀត គឺ​លោក គង់ សភា ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ចេញពី​ប្រជុំ​សភា​តាម​ទ្វារក្រោយ ស្រាប់​តែមាន​ហិង្សា​កើតឡើង​។​នេះ​បើតាម​ការអះអាង​របស់​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បានចាត់ទុក​ហិង្សា​ដែល​បណ្តាល​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីររូប​រងរបួស​ជា​”​រឿង​នឹកស្មាន​មិន​ដល់​” ហើយ​ថា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា មិនបាន​សុំ​ការអនុញ្ញាត​ពីសា​លា​រាជធានី​នោះទេ​។​

លោក​បន្ថែមថា​នៅពេល​បាតុកម្ម​កើតឡើង សាលា​រាជធានី​បាន​ហៅ​តំណាង​ដឹកនាំ​បាតុកម្ម​មក​សាកសួ​រ​នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី ហើយ​ពួកគេ​សន្យាថា​នឹង​រំសាយ​នៅ​ម៉ោង​១០​និង​៣០​នាទី​។ លោក​មានប្រសាសន៍ថា​៖ “​បាតុកម្ម​បាន​រំសាយ​នៅ​ម៉ោង​១០​និង​៣០​នាទី ខ្ញុំ​អត់​យល់​ដែរ​ថា​មាន​មូលហេតុ​អី​បានជា​ហិង្សា​កើតឡើង​។ លោក​បន្តថា​៖ “​យើង​កំពុងតែ​ស៊ើបអង្កេត​រក​ជនដៃដល់ ថា​តើ​វា​ជា​ក្រុមបាតុករ ឬក៏​អ្នកមាន​គំនុំ​ផ្ទាល់ខ្លួន​”​។​

លោក ឡុង ឌី​ម៉​ង់ បាន​បន្ថែមថា​៖ “​ក្រុម​អ្នកតំណាង​ដឹកនាំ​បាតុកម្ម​គឺជា​ប្រជាពលរដ្ឋ​សុទ្ធសាធ មិនមែន​តំណាង​អង្គការ​ណាមួយ​នោះទេ​”​។ លោក​បន្តថា​អាជ្ញាធរ​នឹង​តាមដាន​ករណីនេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​បន្តទៀត​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក​មិនបាន​ដឹងថា​ក្រុមបាតុករ​នោះ​ដឹកនាំ​ដោយ​អ្នកណា​នោះទេ តែ​លោ​កថា ជាការ​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួន​ផង ដែល​លោក​ថា ពួកគេ​មានការ​ភ្ញាក់រឭក និង​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់លោក កឹម សុខា​។​

​បន្ទាប់ពី​ការជួបជុំ​តវ៉ា​នៅមុខ​រដ្ឋសភា​រួចមក ក្រុមបាតុករ​ក៏បាន​បន្ត​ប្រមូលផ្តុំ​លើក​បដា​ស្រែក​មេក្រូ​ស្រែក​ចំអក​រិះគន់​នៅមុខ​ផ្ទះ​របស់លោក កឹម សុខា នៅផ្ទះ​លេខ​៩៧ ផ្លូវ ៣១៣​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ផងដែរ​៕ដោយ៖ខេមរា

gvbggg

gvfggg gvgfggggg

ហ្វូងបាតុករនៅមខលំនៅឋានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ