តុលាការខេត្ត ដោះលែង​ស្ត្រី​ដែល​រងបណ្តឹង​មាន​ស​ហាយ​ជាមួយ​មេធាវី ជា ហៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​ព្រះសីហនុ​៖ ស្ត្រី​ឈ្មោះ ឯម រ៉ានី ដែល​រង​បណ្តឹង​ប្រើ​អំពើហិង្សា និង​សហាយស្មន់​ជាមួយ​លោក​មេធាវី ជា ហៃ ដែល​សមត្ថកិច្ច​ឃាត់​ខ្លូន​នោះ ត្រូវបាន​តុលាការខេត្ត​សម្រេច​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​។​

​លោក រស់ សា​រាំ ព្រះ​រា​អាជ្ញា​រង អម​សាលាដំបូង ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា លោក សុខ សឿន ចៅក្រម​នៃ​សាលាដំបូង​ខេត្ត បាន​ដោះលែង ស្ត្រី​ម្នាក់​ដែល​ត្រូវ​ប្តី​ចោទប្រកាន់ថា លួច​មាន​សហាយស្មន់ ជាមួយ​លោក​មេធាវី ជា ហៃ ជា​កូនប្រសារ​របស់​អនុប្រធាន​តុលាការ​កំពូល ដែល​បាននាំគ្នា​ប្រើ​ហិង្សា ដោយ​ចេតនា ទៅលើ​ប្តី កាលពី​ថ្ងៃ​២០​តុលា កន្លងទៅនេះ ស្ថិតនៅ​ចំណុច​ផ្ទះ បើកហាង​បញ្ចាំ​មួយកន្លែង នៅ​ក្រុមទី​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ ឯម រ៉ានី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​អ្នកលក់​មាស ក្នុង​ផ្សារលើ ក្រុងព្រះសីហនុ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥ និង​បាន​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​បណ្តឹង​របស់​បុរស​ជា​ប្តី​ឈ្មោះ គុណ ប៊ុន​ថា​។ តែ​ក្រោយពេល​សាកសួរ​អស់​ជាច្រើន​ម៉ោង​រួចមក ក៏មាន​ការដោះលែង​ទៅវិញ​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់ថា ការចាប់​ឃាត់ខ្លួន​ជា​ភារកិច្ច​សមត្ថកិច្ច ប៉ុន្តែ​ការដោះលែង ឬ​ឃុំខ្លួន​គឺជា​រឿង​របស់លោក​តុលាការ ព្រោះ​អី​សមត្ថកិច្ច​បានត្រឹមតែ​កសាង​សំណុំរឿង​ជាក់ស្តែង និង​បញ្ជូនទៅ​ឲ្យ​តុលាការ​ប៉ុណ្ណោះ​៕​ដោ​យ៖​រដ្ឋា​

wdesww