បក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​តំណាងរាស្ត្រ​២​រូប​ដែល​រងរបួស​ទៅ​ព្យាបាល​នៅ​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2015 ក+ ក-

ភ្នំ​ពេ​ញ៖​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ដែល​រង​ការវាយប្រហារ​ឲ្យ​រងរបួស​កាលពី​ថ្ងៃ​ចន្ទ ទី​២៦​តុលា ត្រូវបាន​គណបក្ស​រៀប​ចំ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​គេ​អះអាងថា​បាន​រងរបួស​ធ្ងន់ធ្ងរ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​បញ្ជូន​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង លោក គង់ សភា និង​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក ញ៉យ ចំរើន ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ដោយមាន​របួសធ្ងន់ និង​មាន​បាក់ឆ្អឹង​ជាច្រើន​កន្លែង​។ លោក​បន្តថា​៖ “​នៅក្នុង​វិមាន​រដ្ឋសភា លោក ញ៉យ ចំរើន រង់ចាំ​រថយន្ត​ពេទ្យ សង្គ្រោះបន្ទាន់ ជិត​២​ម៉ោង តែ​នៅតែ​គ្មាន​រថយន្ត​មកដល់​។ យើង​បានសម្រេច​នាំ​គាត់​មក​ស្នាក់ការ​គណបក្ស ដើម្បី​ទទួលបាន​ការសង្គ្រោះ​បន្ទាន់ រួច​បាន​បញ្ជូន​លោក​ទាំងពីរ​ទៅ​ថត​”​។ លោក​បន្ថែមថា​៖ “​សេចក្ដី​ស​ម្រ​ច​ចុងក្រោយ ត្រូវបញ្ជូន​លោក​ទាំងពីរ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជាបន្ទាន់ នៅ​ព្រឹក​ថ្ងៃទី​២៧ តុលា ២០១៥ នេះ​”​។​

​គួររំឭកថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ តុលា ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ដែល​ប្រឆាំងនឹង​លោក កឹម សុខា បានធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ឲ្យ​ដកតំណែង​អនុប្រធានរដ្ឋសភា​ពី​លោក កឹម សុខា ដោយ​ពួកគាត់​ចាត់ទុកថា​លោក កឹម សុខា ជា​”​មនុស្ស​បោកប្រាស់ ក្រឡេច​ក្រឡុក និង​ជា​អ្នក​ដែល​នាំទុក្ខ​ដល់​ប្រជាពលរដ្ឋ​”​។​លុះដល់​វេលា​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែល មាន​មនុស្ស​មួយក្រុម​បាន​ប្រើ​ហិង្សា​លើ​តំណាង​២​រូប​គឺ​លោក ញ៉យ ចំរើន និង​លោក​គង់ សុភា ខ​ណះ​អ្នកតំណាងរាស្ត្រ​ទាំង​២​នាក់​នោះ​ចេញពី​ប្រជុំ​សភា​តាម​ទ្វារក្រោយ​។​

​ក្រោយពី​មាន​ហិង្សា​កើតឡើង​លើ​តំណាង​រា​ស្រ្ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ថ្កោលទោស​និង​ចាត់ទុក​អំពើហិង្សា​ដែល​កើតមាន​មកលើ​តំណាងរាស្ត្រ របស់ខ្លួន​នេះ​ថា ជា​អំពើ​ព្រៃ​ឃោរឃៅ និង​រំលោភ​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ត្រ​។​

​លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​នូវ​អំពើហិង្សា​បណ្តាល​ឲ្យ​រងរបួស​នោះ ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ពេល​លោក​ចេញពី​រដ្ឋសភា​មាន​បុរស​ម្នាក់​រត់​មកឈរ​ពី​ខាងមុខ​រថយន្ត​របស់ លោក ហើយ​បុរស​នោះបាន​ទាញ​ទ្វារ​រថយន្ត​របស់លោក​និង​បាន​ទាញ​រូបលោក​ចេញពី​រថយន្ត រួច​វាយដំ​រូបលោក​ជាមួយ​បក្សពួក​ផ្សេងទៀត​។ លោក​ក៏បាន​សម្តែង​ការខកចិត្ត​ចំពោះ​សមត្ថកិច្ច​ចរាចរណ៍​ដែលមាន​វត្តមាន​នៅក្បែរ​នោះ និង​មិនបាន​ជួយ​អន្តរាគមន៍​ទប់ស្កាត់​អំពើហិង្សា​នេះ​។​

​​នៅ​ប្រទេស​បារាំង កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែតុលា ក្នុ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ​បាតុកម្ម​ប្រឆាំង​លោក​នៅ​បារាំង​គឺជា​សិទ្ធិ​ប្រជាពលរដ្ឋ ហើយ​​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ទីក្រុង​ភ្នំពេញ​ក៏​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដូចគ្នា​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖“​បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង បើ​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើយ​លេង​ហ្នឹង​ប្រហែលជា​អស់តំណែង​អនុប្រធាន​សភា​ទៀត​”​។​

​ចំណែក លោក កឹម សុខា បាន​អះអាងថា សមត្ថកិច្ច​មិនបាន​អើពើ​ធានា​សុវត្ថិភាព​រូបលោក​និង​ក្រុមគ្រួសារ​នៅ​គេហ​ឋាន ករណី​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ដោយ​លោក​ថា បើទោះជា​មានការ​សុំ​អន្តរាគមន៍​ក៏ដោយ​៕​ដោ​យ៖​ខេមរា​

g cffff

(​រូបថត​ពី​ហ្វេ​ស​ប៊ុ​ក​របស់លោក យ៉ែម បុញ្ញឫទ្ធិ​)

kmjnkk