យេមែន៖ក្រុមគ្រូពេទ្យគ្មានព្រំដែនបានអះអាងថាមន្ទីរពេទ្យ របស់ខ្លួនមួយមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសយេមែនបានរង ការបំផ្លាញពីការបាញ់ប្រហារជាច្រើនលើកពីលើដែនអាកាស។
ប្រភពបន្តថា ការវាយប្រហារលើកដំបូងបានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទី ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយបំផ្លាញទៅលើបរិវេណអគារមន្ទីរពេទ្យស្ថិតនៅក្នុងខេត្ត Saada។
ប្រភពបន្តថា នៅវេលាប្រមាណ១០នាទីក្រោយមក ការវាយប្រហារលើកទី២បានកើតឡើងទៅលើទីតាំងដដែលនេះ ប៉ុន្តែនៅពេលនោះ បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺទាំងអស់ត្រូវជម្លៀសខ្លួនបានមុនគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
ទោះបីយ៉ាងណាកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតដែលធ្វើប្រតិបត្តិ ការវាយប្រហារប្រឆាំងទៅលើក្រុមឧទ្ទាម Houthi នៅក្នុងទឹកដីយេមែននោះបានច្រានចោលថា សកម្មភាពវាយប្រហារពីដែនអាកាសរបស់ពួកគេគោលដៅទៅលើមន្ទីរពេទ្យ។
អ្នកនាំពាក្យកងកម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត លោក Ahmed al-Asiri បានអះអាងថា លោកមិនអាចបញ្ជាក់ប្រាប់បានទេ នៅពេលដែលមិនទាន់ការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើងនោះ ។ កាលពីពេលកន្លងមក លោក Ahmed al-Asiri បានថ្លែងថា កងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនឹងបើកយុទ្ធនា ការបំផ្លាញរាល់យន្តហោះចម្បាំងនៅក្នុងប្រទេសយេមែន។ ជម្លោះនៅក្នុងប្រទេសយេមែនរហូតមកដល់ពេលនេះបានបណ្តាលឲ្យមនុស្សជាង៥.៦០០នាក់ស្លាប់ក្នុងនោះ២.៦១៥នាក់គឺជាជនស៊ីវិល។
ទោះជាយ៉ាងណាក្រុមគ្រូពេទ្យគ្មានព្រំដែនបានទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ទៅលើការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យទាំងនោះ ដោយក្រុមនេះអះអាងថា វាជាទង្វើឧក្រិដ្ឋកម្មសង្គ្រាម ។ អាមេរិកបានអះអាងថា មានការវាយប្រហារខុសគោលដៅដោយទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យ ហើយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានសុំអភ័យទោសផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការរបស់កងកម្លាំងសម្ពន្ធមិត្តវាយប្រហារតាមដែនអាកាសក្នុងប្រទេសយេមែនបានចាប់ផ្តើមឡើងតាំងពីចុងខែមីនាឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន្ន៕