(ខេត្តបាត់ដំបង)៖នៅក្នុងខេត្តបាត់ដំបង មានវត្តអារាមជាច្រើនដែលបានកសាងឡើងតាំងពីរាប់រយឆ្នាំមកហើយ។វត្តអារាមទាំងនោះបានក្លាយទៅជាទីតាំងទេសចរណ៍បែបពុទ្ធសាសនាដ៏ពេញនិយមសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់រូបដែលបានមកទស្សនាខេត្តបាត់ដំបង ។
ក្នុងចំណោមអារាមទាំងនោះវត្តបាឡាត់ក៏ជាវត្តដ៏មានវ័យចំណាស់មួយក្នុងខេត្ត បាត់ដំបងផងដែរ។លោកអ្នកចង់ដឹងទេពីប្រវត្តិដើមដែលនាំឲ្យវត្តមួយនេះមានឈ្មោះថា វត្តបាឡាត់ នោះ។
វត្តបាឡាត់ មានទីតាំងស្ថិតនៅមាត់ច្រាំងដងស្ទឹងសង្កែត្រើយខាងកើត និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។ តាមឯកសារសៀវភៅប្រវត្តិខេត្តបាត់ដំបងសម័យលោកម្ចាស់របស់លោក តូច ឈួង បានសរសេរថាអ្នកផ្តើមកសាងវត្តបាឡាត់ គឺជាមន្រ្តីក្រមការនៅក្រុងបាត់ដំបងមួយរូប ឈ្មោះលោកបាឡាត់ រស់។លោកកសាងវត្តនេះឡើងដើម្បីលាបំណន់ ក្នុងគ្រាដែលពួកអាណ្ណាមចាប់ខ្លួនលោក និងក្រុមគ្រួសារ យកទៅឃុំទុកនៅក្រុងវ៉េ អស់រយៈពេល ១០ឆ្នាំនោះ។ នៅក្រុងវ៉េ លោកបាឡាត់រស់ បានបន់ស្រន់ព្រះរតនត្រៃសូមជួយលោកនិងក្រុមគ្រួសារឲ្យបានត្រលប់មកស្រុកខ្មែរវិញ។ លោកបាឡាត់បានបន់ស្រន់ថា នឹងកសាងវត្តមួយដើម្បីតបស្នងសងគុណព្រះរតនត្រៃ។
ក្រោយពេលដែលមានសេរីភាព និងបានវិលត្រឡប់ទៅដល់ទឹកដីកំណើតវិញ, លោកបាឡាត់ រស់ ក៏បានកសាងអារាមបាឡាត់នេះឡើង។ហើយអ្នកស្រុកក៏ហៅវត្តនេះថា វត្តបាឡាត់ៗ ជាប់រហូតមក។ ឯកាលបរិច្ឆេទនៃការកកើតទីអារាមនេះ ក្នុងឯកសាររបស់លោក តូច ឈួង មិនបានបញ្ជាក់ច្បាស់លាស់ទេ។ ប៉ុន្តែ បើយោងតាមឯកសារប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ពួកអាណ្ណាមចាប់លោកបាឡាត់ រស់ ទៅឃុំទុកនៅក្រុងវ៉េ កើតឡើងក្នុងរវាងទសវត្សរ៍ឆ្នាំមួយពាន់ប្រាំបីរយប្លាយ ។តែបើតាមឯកសារដែលបានចារទុកនៅក្នុងវត្តបាឡាត់នោះបង្ហាញថា វត្តបាឡាត់ត្រូវបានកសាងឡើងឆ្នាំ ១៨៤៥ ដោយលោកបាឡាត់ឈ្មោះ រស់ ។
អ្នកយកព័ត៌មាន មេគង្គប៉ុស្ដ បានទៅដល់អារាមនេះផ្ទាល់ ឃើញព្រះវិហារវត្ត បាឡាត់ សង់នៅលើខឿនថ្ម និងមានរាងរៅស្រដៀងគ្នានឹងព្រះវិហារចាស់នៅវត្តកែវដែរ។ នៅពាក់កណ្តាលជញ្ជាំងព្រះវិហារប៉ែកខាងលិច មានព្រះពុទ្ធបដិមាមួយអង្គដ៏ស្អាតសោភាតំកល់នៅលើទីខ្ពស់មួយ។ នៅជាប់នឹងខឿនព្រះវិហារប៉ែកខាងលិច គឺជាសាលាបុណ្យ ដែលបានសង់ថ្មីជំនួសសាលាបុណ្យចាស់ដែលសង់ទាប និងចាស់ណាស់ទៅហើយនោះ។
ព្រះគ្រូចៅអធិការវត្តបាឡាត់ជំនាន់ទី១២ ព្រះនាម សៀន សាន បានមានថេរដិកា ប្រាប់អ្នកយកព័ត៌មានមេគង្គប៉ុស្ដិ៍ថា បច្ចុប្បន្ន ព្រះវិហារវត្តបាឡាត់កំពុងទទួលការជួសជុលកែលម្អឡើងវិញនូវចំណុចខ្លះដែលរងការខូខាតដោយ សារអាយុកាលដ៏យូរលង់របស់ព្រះវិហារនេះ។ ព្រះអង្គមានថេរដិកាបញ្ជាក់ថា នៅហោជាងខាងលិចមានបញ្ជាក់ប្រាប់ពី គ.ស១៩៣៤ នោះគឺជាពេលវេលានៃការ
កសាងព្រះវិហារទី២។គឺព្រះវិហារសព្វថ្ងៃដែលបានកសាងជំនាន់លោកគ្រូចៅ អធិការទី៦ ព្រះនាម ហ៊ីង ។តាមពិតវត្តបាឡាត់ចាប់ពីកសាង១៨៤៥ ដែលមកទល់នឹងសព្វថ្ងៃនេះគឺមានអាយុកាល១៧៩ឆ្នាំមកហើយ។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន វត្តបាឡាត់មានចៅអធិការចំនួន១២ អង្គបានបន្តវេនគ្រប់គ្រងអារាមមួយនេះ៕សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ( https://youtu.be/tLWVtd7KIgw)