ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើលិខិតមួយច្បាប់ដាក់ជូនទៅសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើន ដើម្បីសុំជួបពិភាក្សាបញ្ហាមួយចំនួន តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
ការស្វែងរកជួបលោក ស ខេង បន្ទាន់របស់លោក កឹម សុខា ធ្វើឡើងនៅក្រោយ ពេលមានករណីហិង្សាលើអ្នកតំណាងរាស្ត្រ និងការរំខានលំនៅដ្ឋានរបស់លោក កឹម សុខា កាលពីថ្ងៃចន្ទ ។ ករណីនោះ គឺគណបក្សសង្គ្រោះជាតិ បានឲ្យលោក ជូង ជូងី មេធាវីរបស់គណបក្សសង្គ្រោះជាតិ រៀបចំពាក្យបណ្តឹងដាក់ទៅតុលាការផងដែរ។ ប៉ុន្តែមេធាវី នៅមិនទាន់យកពាក្យបណ្តឹង ទៅដាក់នៅឡើយទេ។
មន្ត្រីដដែល បានបន្តថា គណបក្សសង្គ្រោះជាតិ បានធ្វើញ្ញត្តិដាក់ទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាស្ថានទូត ប្រចាំនៅក្នុងប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល កាលពីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ អំពីហេតុការណ៍អំពើហិង្សាលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
លិខិតស្នើសុំជួបនេះ ធ្វើឡើងខណះសម្តេចក្រឡាហោម ស ខេង កំពុងបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំ នៅប្រទេសវៀតណាម ចំណែកលោកកឹមសុខា និងភរិយា ព្រមទាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀត កំពុងស្ថិតនៅប្រទេសថៃ ក្នុងគោលបំណងសួរសុខទុក្ខអាការៈជំងឺរបស់តំណាងរាស្ត្រពីររូបដែលត្រូវគេវាយគឺលោក ញ៉យ ចំរើន និងលោក គង់សុភា៕ដោយ៖រដ្ឋា