សៀមរាប៖ ហូលីវូដ (Holly Wood) ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តល្បីបំផុតរបស់សហរដ្ឋអាមេរិក នឹងមកថតខ្សែភាពយន្តស្តីពីរបបខ្មែរក្រហមនៅតាមតំបន់មួយចំនួនក្នុងទឹកដីខេត្តសៀមរាប ដោយចំណាយពេលប្រមាណ ៣ខែ ចាប់ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៦។
អែអេហ្វអា បានសរសេរនៅថ្ងៃនេះថា គោលបំណងដែលយកទីតាំងជាច្រើននៅក្នុងខេត្តសៀមរាប នេះ គឺដើម្បីផលិតជាខ្សែភាពយន្តខ្នាតធំមួយ ដែលនិយាយអំពីសោកនាដកម្មក្នុងរបបខ្មែរក្រហម ចាប់ពីអំឡុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។
ផលិតករភាពយន្តរបស់ក្រុមហ៊ុនហូលីវូដ សហរដ្ឋអាមេរិក បានចូលជួបពិភាក្សាជាមួយ
អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ក្នុងបំណងសម្ដែងការគួរសម ព្រមទាំងស្នើសុំការអនុញ្ញាតរើសយកទីតាំងនៅតាមតំបន់ខ្លះនៃខេត្ត នេះ ដើម្បីថតផលិតជាភាពយន្តខ្នាតធំមួយ ដែលនឹងចាប់ផ្ដើមឡើងនៅខែក្រោយនេះ។
ខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «ជាដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ» (The first they kill my father) គឺជារឿងដែលនិយាយអំពីជីវិតរបស់ក្មេងស្រីខ្មែរម្នាក់ និងសោកនាដកម្មជាច្រើនក្នុងរបបខ្មែរក្រហម នឹងចាប់ផ្ដើមដឹកនាំការផលិតដោយតារាសម្ដែងដ៏ល្បីល្បាញម្នាក់របស់ ហូលីវូដ គឺអ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie-Pitt) នៅលើទឹកដីខេត្តសៀមរាប ចាប់ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥។
ផលិតករខ្សែភាពយន្តរបស់ហូលីវូដ គឺលោក ប៊ីល វីលសុន (Bill Wilson)។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ក្នុងពេលជួបជាមួយអភិបាលខេត្តសៀមរាប ថា ក្រុមហ៊ុនហូលីវូដ នឹងចំណាយពេលជិត ៣ខែ ដើម្បីថតខ្សែភាពយន្តរឿង «ជាដំបូងពួកគេសម្លាប់ឪពុកខ្ញុំ» នៅក្នុងទឹកដីខេត្តសៀមរាប។ លោក ប៊ីល វីលសុន បញ្ជាក់ទៀតថា ការថតកុននៅក្នុងទឹកដីខេត្តសៀមរាប នេះ គឺក្រុមហ៊ុនបានរើសយកទីតាំងជាច្រើន ដើម្បីថតឈុតដែលពួកខ្មែរក្រហមជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង ឈុតអំពើព្រៃផ្សៃដែលខ្មែរក្រហមប្រើអាវុធបាញ់ប្រជាពលរដ្ឋ ព្រមទាំងកន្លែងខ្លះមានប្រើឧបករណ៍បំផ្ទុះ ធ្វើជាសមរភូមិប្រយុទ្ធទៀតផង។ ការថតឈុតទាំងនេះ គឺក្រុមហ៊ុនត្រូវការចំណាយប្រាក់ជាច្រើន ដើម្បីជួលប្រជាពលរដ្ឋខ្មែរឲ្យសម្ដែង៖ «យើងនឹងជួលកម្លាំងពលកម្ម ពីប្រជាពលរដ្ឋខ្មែរ ប៉ុន្តែខ្ញុំមិនទាន់ប្រាកដថាចំនួនប៉ុន្មាននាក់ពិតប្រាកដទេ។ បើតាមខ្ញុំប៉ានប្រមាណ គឺយើងនឹងត្រូវប្រើប្រាស់កម្លាំងប្រជាពលរដ្ឋកម្ពុជា ប្រហែល ២.៥០០នាក់ទៅ ៣.០០០នាក់ ឲ្យធ្វើឆាក ធ្វើជាអ្នកសម្ដែង និងក្រុមអ្នកបច្ចេកទេស ជាដើម»។
អាជ្ញាធរខេត្តសៀមរាប សម្ដែងការត្រេកអរចំពោះក្រុមហ៊ុនហូលីវូដ ដែលចាប់អារម្មណ៍ទៅលើទេសភាពខេត្តសៀមរាប ដើម្បីថតកុននេះ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានប្រសាសន៍ថា ខេត្តសៀមរាប គឺជាតំបន់ដែលទាក់ទាញទេសចរបំផុតរបស់កម្ពុជា។ លោកសំណូមពរឲ្យក្រុមហ៊ុន នៅពេលដែលត្រូវការថតឈុតគ្រឿងផ្ទុះ គួរតែទៅរកតំបន់ឲ្យឆ្ងាយពីទីក្រុង ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ។ ក្នុងដំណើរការថតកុននេះ អាជ្ញាធរខេត្តសៀមរាប នឹងបញ្ជូនមន្ត្រីនៃមន្ទីរពាក់ព័ន្ធមួយចំនួន ឲ្យចូលរួមសហការពិនិត្យមើលភូមិសាស្ត្រ និងទីកន្លែង៖ «មន្ទីរជំនាញ គឺទំនាក់ទំនងគ្នាជាប់ជាមួយនឹងភាគីថតខ្សែភាពយន្តនេះ ដើម្បីបានទទួលដឹង និងជួយដោះស្រាយបញ្ហាផ្សេងៗ»។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជៀប សុវិជ្ជា មានប្រសាសន៍ថា ការថតខ្សែភាពយន្តខ្នាតធំរឿង «ជាដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ» នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយមួយផ្នែកទៀត គឺវាអាចជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ឲ្យពិភពលោកបានស្គាល់កម្ពុជា កាន់តែច្រើនឡើងនៅពេលអនាគត។
ខ្សែភាពយន្តខ្នាតធំរឿង «ជាដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ» ដែលនិយាយអំពីជីវិតក្មេងស្រីម្នាក់ឈ្មោះ លឿង អ៊ុង (Loung Ung) នៅក្នុងរបបខ្មែរក្រហមនេះ ក្រៅតែពីចំណាយពេលជិត ៣ខែសម្រាប់ថតនៅខេត្តសៀមរាប ក៏មានគម្រោងទៅថតឈុតខ្លះទៀតនៅក្នុងទឹកដីខេត្តបាត់ដំបង ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ៕ប្រភព៖អែអេហ្វអា
ផលិតករខ្សែភាពយន្តក្រុមហ៊ុនហូលីវូដ (Holly Wood) របស់សហរដ្ឋអាមេរិក គឺលោក ប៊ីល វីលសុន (Bill Wilson) [កណ្ដាល] ជួបពិភាក្សាជាមួយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។