ភ្នំពេញ៖ស្ត្រីវ័យក្មេងខ្មែរ៤នាក់ថ្មីទៀតជាកូនចៅប្រជាកសិកររស់នៅខេត្តព្រៃវែង កណ្ដាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលចាញ់បោកមេខ្យល់ទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះនាំយកមកស្រុកកំណើតវិញហើយកាលពីរសៀលថ្ងៃពុធនេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា នេះបានឲ្យដឹងថា ស្ត្រីខ្មែរចំនួន ៤នាក់ ដែលចាញ់បោកមេខ្យល់នាំយកទៅធ្វើជាអ្នកបម្រើតាមផ្ទះនៅប្រទេស ម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះ។ ពលការិនីខ្មែររងគ្រោះម្នាក់មកពីខេត្តព្រៃវែង បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា វេលាម៉ោង ៤រសៀល តាមជើងយន្តហោះ AK ៥៣៤។ ដោយឡែកពលការិនីខ្មែរ ៣នាក់ទៀតដែលរស់នៅខេត្តកណ្ដាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា វេលាម៉ោង ៧ និង ៥០នាទីព្រឹក តាមជើងយន្តហោះ AK ៥៣៦។
សេចក្តីប្រកាសដដែលបញ្ជាក់ថា អំឡុងរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានផ្តល់កន្លែងស្នាក់នៅ និងហូបចុកជូនដល់ពលការិនីទាំង ៤នាក់នោះ។
ជាងនេះទៀត ក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះ ត្រូវប្រុងប្រយ័ត្នចំពោះការឆបោកពីសំណាក់មេខ្យល់ ដែលភូតកុហកថា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នឹងទទួលបានប្រាក់ខែច្រើន។
ស្ត្រីរងគ្រោះទាំង ៤នាក់នោះរួមមាន៖
១- ពលការិនីខ្មែររងគ្រោះឈ្មោះ អ៊ី តូច នៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីតាមរយៈមេខ្យល់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានមកស្ថានទូត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនី អ៊ី តូច នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៦ៈ០០នាទីរសៀល តាមជើងយន្តហោះ AK ៥៣៤។
២- ពលការិនីខ្មែររងគ្រោះ ៣នាក់ទៀត ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៧ៈ៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦មានឈ្មោះ៖
– នៅ ស្រីនាង អាយុ២២ឆ្នាំ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បានមកស្ថានទូត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះត្រូវបានបងស្រីបង្កើតនាំយកទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ធ្វើការនៅហាង បោកគក់សំលៀកបំពាក់។
– ឌី ចាន់ស្រ៊ូ អាយុ២០ឆ្នាំ នៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមកស្ថានទូតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបាន វិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ បានទៅប្រទេសម៉ាឡេស៊ីតាមរយៈមេខ្យល់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ធ្វើការតាមផ្ទះ។
– សំ ស៊ីណា (ឈ្មោះពិត សំ ស៊ីណែត) អាយុ២០ឆ្នាំ នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានមកស្ថានទូត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីឆ្នាំ២០១២ ធ្វើការនៅហាងលក់បាយ៕ដោយ៖គឹម បញ្ញា