បាត់ដំបង៖តុលាការខេត្តបាត់ដំបង បន្ទាប់ពីបើកសវនាការរយះពេល៥ថ្ងៃកន្លងមក នៅព្រលប់ថ្ងៃទី២៨ តុលានេះ បានសម្រេចទម្លាក់ចោលបទចោទប្រកាន់លើគ្រូពេទ្យតាមភូមិម្នាក់ ឈ្មោះ យ៉ែម ជ្រិន ដែលជាប់ពាក់ព័ន្ធនឹងការចាក់ថ្នាំចម្លងមេរោគអេដស៍ទៅអ្នកភូមិជាង២០០នាក់។
គួររំឭកថា កាលពីចុងឆ្នាំ២០១៤ មានការភ្ញាក់ផ្អើលចំពោះការឆ្លងមេរោគអេដស៍ដែលបណ្តាលឲ្យអ្នកភូមិប្រមាណ២៣៨នាក់ រស់នៅក្នុងឃុំរកាបានឆ្លងមេរោគអេដស៍ ហើយក្រោយមកមានអ្នកជំងឺប្រមាណ១០នាក់ ដែលភាគច្រើនជាមនុស្សចាស់បានស្លាប់។
គ្រូពេទ្យភូមិដែលត្រូវបានចោទប្រកាន់ឈ្មោះ យ៉ែម ជ្រិន អាយុ៥៦ឆ្នាំ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់លើចំណុច៣នៃបទចោទ គឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ(អំពើឃោរឃៅមានទារុណកម្ម) និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ ។ ក្រោមបទចោទទាំងនេះ លោក យ៉ែម ជ្រិន អាចត្រូវជាប់ពន្ធនាគារមួយជីវិត។
តាមការគ្រោងទុកតុលាការខេត្តបានបើកសវនាការរយះពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី២០ ខែតុលា មក ហើយបានបិទបញ្ចប់សវនាការជំនុំជម្រះនៅយប់ថ្ងៃពុធនេះ។ ក្នុងសវនាការចុងក្រោយនេះ តុលាការបានសាកសួរសាក្សីដាក់បន្ទុកចំនួន១០នាក់ បន្ថែមលើដើមបណ្តឹង៨៥នាក់ក្នុងចំណោម១២០នាក់។ សាក្សីដាក់បន្ទុកនោះ គឺជាអ្នកជំនាញមកពីក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរសុខាភិបាលខេត្ត និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗទៀត។ ពួកគេបាននិយាយថា លោក យ៉ែម ជ្រិន បានចាក់ថ្នាំខុសវិជ្ជាជីវៈពេទ្យ និងពុំមានអនាម័យ។ ប៉ុន្តែសាក្សីដោះបន្ទុកដែលជាក្រុមគ្រួសារ និងសាច់ញាតិបានបដិសេធការចោទប្រកាន់នេះ។
នៅម៉ោងប្រមាណ៧និង៣០នាទីយប់ នាថ្ងៃទី២៨ នេះ ប្រធានអង្គសវនាការបានប្រកាសថាតុលាការសម្រេចទម្លាក់ចោលការចោទប្រកាន់លើលោក លោក យ៉ែម ជ្រិន ត្រង់មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីបានស្តាប់សាក្សី ស្តាប់មេធាវី និងសំដីជនជាប់ចោទ ប៉ុន្តែសាលក្រមនឹងត្រូវនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹក។
យោងតាមមាត្រា១៨នៃច្បាប់ ហាមឃាត់ដាច់ខាតចំពោះអ្នកដែលដឹងថា ខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដទៃ ។ ទោសបញ្ញត្តិនៃច្បាប់នេះគឺជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៨ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ៕ដោយ៖រដ្ឋា
គ្រូពេទ្យតាមភូមិ យ៉ែម ជ្រិន ពេលសមត្ថកិច្ចនាំមកសវនាការនៅ តុលាការ ខេត្តបាត់ដំបង