​រន្ទះបាញ់អ្នកភូមិ២នាក់ស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ ស្រាល ខណៈពេលកំពុងព្រួសស្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2024 ក+ ក-

(ខេត្តបន្ទាយមានជ័យ) ៖មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និង៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសាររន្ទះបាញ់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា​ឆ្នាំ២០២៤ នៅចំណុចត្រពាំងតាង៉ឹនស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ៖នៅមុនពេលកើតហេតុជនរងគ្រោះទាំង០៧នាក់បានទៅព្រួសស្រូវនៅចំណុចត្រពាំងតាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលនោះ នៅវេលាម៉ោងប្រហែលជា៣រសៀលមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំងជនរងគ្រោះទាំងនោះបាននាំគ្នារត់ទៅជ្រកនៅក្រោមម្លប់ដើមស្តៅ១ដើមនៅក្បែរនោះ ក៏ស្រាប់តែរន្ទះបាញ់បណ្តាល២នាក់ស្លាប់នៅនឹងកន្លែង៣នាក់រងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល ។ ជនរងគ្រោះរងរបួសធ្ងន់ ស្រាលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
 

អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះដោយសារន្ទះបាញ់មាន៖

ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ (ស្លាប់) និងឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) ។ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ (របួសធ្ងន់),ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (របួសធ្ងន់),ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ (របួសធ្ងន់), ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ (របួសស្រាល) និងឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ ៤៩ឆ្នាំ (របួសស្រាល) ។អ្នកទាំង៧នាក់នេះសុទ្ធតែជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យទាំងអស់។

គួរកត់សម្គាល់ថា នៅស្រុកភ្នំស្រុកក្នុងសប្តាហ៍នៃខែនេះ មានករណីរន្ទះបាញ់២ករណីជាប់ៗគ្នា ក្នុងនោះសត្វគោ៣ក្បាលនិងមនុស្ស២នាក់បានស្លាប់ ៕