ប៉េកាំង៖ប្រទេសចិនមិនមានឆន្ទៈនោះទេ ប៉ុន្តែមិនភ័យខ្លាចក្នុងការធ្វើសង្គ្រាមជាមួយអាមេរិកនៅក្នុងតំបន់នេះឡើយ ខណៈដែលវត្តមាននាវា USS Lassen របស់អាមេរិកបង្ហាញខ្លួននៅជិតប្រជុំកោះ Spratly ដែលមានជម្លោះ។ នេះបើយោងតាមសារព័ត៌មានជាតិនិយមរបស់ចិន Global Times ។
ប្រភពដដែលបានឲ្យដឹងថា ការធ្វើដំណើររបស់នាវាពិឃាតនាំមីស៊ីល USS Lassen របស់កងទ័ពជើងទឹកអាមេរិកឆ្លងកាត់កោះសិប្បនិម្មិតមួយនៅថ្មប៉ប្រះទឹក Subi នៃប្រជុំ Spratly គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់យោធាចិន។
សហរដ្ឋអាមេរិកបានបដិសេធចំពោះការរិះគន់របស់ប្រទេសចិនលើការល្បាត របស់ខ្លួននៅសមុទ្រចិនខាងត្បូងដោយបាននិយាយថា ប្រតិបត្តិការនេះត្រូវបានអនុវត្តនៅក្នុងការអនុលោមតាមច្បាប់អន្តរជាតិ ហើយមិនចាំបាច់តម្រូវឲ្យមានការអនុញ្ញាតពិសេសណាមួយឡើយ។
ទោះបីយ៉ាងណាក៏ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បានបញ្ជាក់ថា អាមេរិកនឹងធ្វើប្រតិបត្តិការស្រដៀងគ្នានេះបន្តទៀតក្នុងសមុទ្រចិន ខាងត្បូងនាពេលអនាគត៕