ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2024 ក+ ក-

MC:ដើម្បីចូលរួមថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ និងដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានកោតសរសើរដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានរួមសហការណ៍ជាមួយសាកលវិទ្យាល័យជាតិមានជ័យ មន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤នាពេលនេះ។ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ ការរួមគ្នាដាំកូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិ​ចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស​ធាតុ។

ជាមួយនោះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយុទ្ធនាការ ដាំដើមឈើឲ្យបានច្រើន តាមអង្គភាព សួនច្បារ សាលារៀន មន្ទីរពេទ្យ និងតាមផ្ទះ ដើម្បីរួមចំណែក រក្សាបរិស្ថាន និងកាត់បន្ថយកម្តៅពីភពផែនដី ដើម្បីជីវិតមនុស្ស សត្វ និងរុក្ខជាតិនានា។

ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយស តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ បានដាំដើមឈើនិមិត្តរូបចំនួន ៦៥០ដើម មានដូចជា ដើមបេង ដើមធ្នង់ ដើមក្រញូង និងដើមចាន់គីរី។ ទន្ទឹមគ្នានោះ ក៏បានចែកកូនឈើចំនួន ៥ពាន់ ដើម ជូនអាជ្ញាធរក្រុងស្រុក យកទៅដាំតាមអង្គភាពរៀងៗខ្លួនផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0zvXvFdC_Yw