ភ្នំពេញ៖លោក គង់ គាំ បានប្រកាសចូលនិវត្តពីឆាកនយោបាយកាលពីថ្ងៃទី២ វិច្ឆិកា ម្សិលមិញនេះ ដោយបញ្ជាក់នៅក្នុងលិខិតជាផ្លូវការថា បណ្តាលមកពីមូលហេតុសុខភាពមិនបរិបូរណ៍ និងស្ថិតក្នុងភាពជរាព្យាធិជាប្រចាំក្នុងពេលដែលលោកមានអាយុ៧៥ឆ្នាំទៅហើយ ។
ក្រៅពីបញ្ហាសុខភាព នៅក្នុងលិខិតនោះក៏មានបញ្ជាក់ត្រួសៗពីការវិវត្តន៍នៃនយោបាយកម្ពុជាចាប់ពីអំឡុងទសវត្សរ៍ទី៧០រហូតមកដល់បច្ចុប្បន្នផងដែរ ។អ្នកវិភាគបានលើក ឡើងថា ការទម្លាក់ចោលកិច្ចការនយោបាយរបស់លោក គង់ គាំ នាពេលនេះគឺមិនមែនអាស្រ័យដោយជរាពាធនោះឡើយ ប៉ុន្តែអាចមានហេតុផលផ្សេងទៀតទើបធ្វើឲ្យបុរសវ័យចំណាស់ម្នាក់នេះ ដកខ្លួនចេញពីឆាកនយោបាយកម្ពុជាយ៉ាងតក់ក្រហល់បែបនេះ ?
លោក គង់ គាំ បច្ចុប្បន្នជាប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតក្នុងស្ថាប័នកំពូលព្រឹទ្ធសភា និងជាប្រធានគណបក្សសម រង្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានប្រកាសចូលនិវត្តយ៉ាងតក់ក្រហល់គឺបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក គង់ សុភា ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានក្រុមជនដៃដល់វាយឲ្យរងរបួសធ្ងន់នៅក្បែររបងមន្ទីររដ្ឋសភា កាលពីថ្ងៃ២៦ តុលា កន្លងមកនេះ។
ក្នុងលិខិតផ្លូវការចំនួន ៤ទំព័រ លោកគង់ គាំ បានសុំការអនុគ្រោះ និងយោគយល់ពីការសុំចូលនិវត្តរបស់លោកពីប្រជាជនដែលធ្លាប់គាំទ្រ រូបលោកនាពេលកន្លងមក។លោកក៏បានសុំអនុគ្រោះសំដែងចំពោះមេដឹកនាំទាំងឡាយដែលលោកចាត់ទុកកំពុងមាន«ជំងឺតួឯក» ដែលចេះតែមានគំនិតជានិច្ចថា«មានតែខ្លួន បើគ្មានខ្លួន» មិនអាចដឹកនាំការ «ការពារ និងកសាង» កម្ពុជាឲ្យមានសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃ និងតទៅមុខបានទេនោះ សូមឲ្យមេដឹកនាំ «អត្តាធិបតេយ្យ» ត្រូវតែឆាប់ប្តូរគំនិត «មានតែអញ» ចោលទៅ ។
លោកគង់ គាំ ក៏បានបង្ហាញពីចំណុចអវិជ្ជមានជាច្រើនចំណុចក្នុងនោះរួមមានទាំងការនិយាយពីប្រវត្តិនៃព្រឹត្តិការណ៍សំខាន់ ៗជាច្រើននៅកម្ពុជាដូចជាថ្ងៃ១៧ មេសា ១៩៧៥ , ៧មករា ១៩៧៩, ២៣តុលា១៩៩១ជាដើម និងការសន្ទនារវាងមេដឹកនាំគណបក្សកាន់អំណាចទាំងពីរលោក ហ៊ុន សែន និងលោក សម រង្ស៊ី ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក គង់ គាំ កំពុងតែស្ថិតនៅក្នុងប្រទេសថៃដើម្បីពិនិត្យសុខភាព និងទៅសួរសុខទុក្ខកូនប្រុសរបស់លោកផងដែរ ប៉ុន្តែមិនដឹងថា លោកបានចាកចេញពីប្រទេសកម្ពុជាតាំងពីពេលណា និងត្រឡប់មកវិញនៅពេលណានោះទេ៕ដោយ៖ខេមរា