ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសនៅព្រលប់ថ្ងៃទី០៣វិច្ឆិកា នេះថា ជនដៃដល់៣នាក់ ដែលបង្ករបួសស្នាមដល់អ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២៦តុលានោះ បានចេញមកសារភាពហើយ។
នៅចំពោះមុខ គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតរបស់ក្រសួងមហាផ្ចៃ ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ២រូបនៃគណបក្សសង្គ្រោះជាតិ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ជនសារភាពទាំង៣នាក់នោះ មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
២- ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង
៣- ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សេចក្តីប្រកាសដូច្នេះ បានធ្វើឡើង នៅពេលដែលលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រលប់ពីក្រៅប្រទេស មកដល់រាជធានីភ្នំពេញ នាម៉ោងជិត ០៨:០០នាទីយប់ ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា នេះ។
គួររំលឹកថា បន្ទាប់ពីហេតុការណ៍ បង្កអំពើហិង្សាវាយលើតំណាងរាស្ត្រ ២រូប ឲ្យរបួស កាលពីថ្ងៃទី២៦តុលា គឺភ្លាមៗរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការពិសេសមួយដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវស៊ើបអង្កេតករណីវាយតំណាងរាស្ត្រនោះ។
នៅថ្ងៃទី២៨តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសបញ្ជាឲ្យនគរបាលសមត្ថកិច្ច តាមចាប់ខ្លួនជនបង្កអំពើហិង្សាទាំងនោះ មកផ្តន្ទាទោស ដោយគ្មានការលើកលែង ទោះបីជាជននោះ ជាអ្នកគាំទ្រគណបក្សនយោបាយណា រាប់ទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររដ្ឋាភិបាលក៏ដោយ៕ដោយះខេមរា