ខេត្តបាត់ដំបង៖កម្លាំងសមត្ថកិច្ចនគរបាលចំរុះនៅដើមខែវិច្ឆកានេះបានឃាត់ខ្លួនយុវជនចំនួន៩នាក់សង្ស័យពាក់ព័ន្ធករណីគំរាមយកប្រាក់ចំនួន១១៩០០ដុល្លារពីសិស្សដូចគ្នា នៅអនុវិទ្យាល័យអន្លង់វិលក្នុងស្រុកសង្កែខេត្តបាត់ដំបង។
យោងតាមមន្ត្រីនគរបាលយុត្តិធម៌បានអោយដឹងថា បន្ទាប់ពីបានទទួលបានពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះ រស់ ឆៃលី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆកា កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានស្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ជាសិស្សរៀននៅអនុវិទ្យាល័យអន្លង់វិលពីបទគំរាមកំហែងយកប្រាក់ប្រហាក់ប្រហែល១១៩០០ដុល្លារអាមេរិកចាប់ពីឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ន។
ជនរងគ្រោះ ឈ្មោះ លី ឆៃតាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យអន្លង់វិលបានអោយដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើជារឿយៗពេលស្ងាត់ៗតែងតែមកគំរាមកំហែងនិង ជម្រិតសំឡុតយកប្រាក់អោយខានតែបានម្ដងចំនួន២០០ទៅ៣០០ដុល្លារអាមេរិក ជាហេតុបណ្តាលអោយខ្លួនបង្ខំចិត្តលួចលុយរបស់ឪពុកម្ដាយ ដើម្បីយកទៅអោយពួកគេពុំនោះទេត្រូវរងការវាយធ្វើបាប។ ចំណែកជនសង្ស័យទាំង៩នាក់ដែលពាក់ពន្ធ័ទៅនឹងករណីគំរាមកំហែង យកប្រាក់ខាងលើកំពុងត្រូវបានសាកសួរ និងបន្តការស្រាវជ្រាវបន្ថែមដោយ សមត្ថកិច្ចអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕