ព្រះសង្ឃ​២​អង្គ​និមន្ត​បិណ្ឌបាត ខឹង​ឲ្យ​ធម៌​មិន​ស្របគ្នា វាយ​គ្នា​ផ្អើល​ប្រជាពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2015 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រភពព័ត៌មាន​មួយ​រាយការណ៍​ថា​មាន​ករណី​លោកសង្ឃ​២​អង្គ​និមន្ត​បិណ្ឌបាត ជាមួយគ្នា មិនដឹងថា​មានទំនាស់​គ្នា​ពី​បញ្ហា​អ្វី​នោះទេ​ស្រាប់តែ​ចេញ​ក្បាច់គុន​ដេញ វាយ​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​ដែល​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ។ ហេតុការណ៍​នោះបាន​កើតឡើង​នៅខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ស្ថិត​ខាងជើង​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។
​ ​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនដំបូង គេ​ឃើញ​លោកសង្ឃ​២​អង្គ​បាន​និមន្ត​បិណ្ឌបាត​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ លុះ​មកដល់​ចំណុច​កែង​ខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏​ស្រាប់តែ​ចេញ ក្បាច់គុន​ដេញ​វាយ​គ្នា​ទៅវិញទៅមក​ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ ហើយ​នាំគ្នា​ចោមរោម​មើល​។ ប៉ុន្តែ​ភ្លាមៗ នោះ​សមត្ថកិច្ច​ប្រចាំការ​មន្ទីរពេទ្យ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ឃាត់​ហើយ នាំ​លោកសង្ឃ​២​អង្គ​នោះ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ ដើម្បី​សាកសួរ​ពី​មូលហេតុ​នាំ​ឲ្យ​ឈានដល់​ការ​វាយតប់​គ្នា​នោះ​។
​ លោកសង្ឃ​២​អង្គ ដែល​ទាស់ទែង​វាយតប់​គ្នា​នោះ ទី​១​ឈ្មោះ​កែវ ចំរើន ព្រះជន្ម​២៥​ព្រះវស្សា គង់នៅ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ គង់នៅ​កុដិ​លេខ​១៧ បួស​បាន​៣​វស្សា ទី​២​ឈ្មោះ​សឿន ម៉ាប់ ព្រះជន្ម​២២​ព្រះវស្សា​គង់នៅ​ជាមួយគ្នា នៅ​កុដិ​លេខ​២៤​បួស​បាន​៤​វស្សា​។
​ ​ប្រភពពី សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​លោកសង្ឃ​២​អង្គ​នោះ វាយ​គ្នា​ដោយសារតែ​និមន្ត​បិណ្ឌបាត​ជាមួយគ្នា ឲ្យ​ធម៌​មិន​ស្របគ្នា ។ ទន្ទឹម​នោះ​ក៏​ផ្តើម​ពី​មូលហេតុ​ព្រះសង្ឃ​មួយអង្គ​នេះ​បិណ្ឌបាត ហើយ​ព្រះសង្ឃ​មួយអង្គ​ទៀត​ចេះ​បិណ្ឌបាត​។
​ ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ប៉ុស្តិ៍​វត្តភ្នំ​បានបញ្ជាក់​ថា យើង​បានប្រគល់​ព្រះសង្ឃ​២​អង្គ​ដែលមាន​ទំនាស់​វាយតប់​គ្នា​នោះ​ប្រគល់​ទៅ អធិការ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ ជា​អ្នក​អប់រំ​តាម​វិន័យ​សង្ឃ ៕

art17.1