ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាក្លិនស្អុយពីក្រុមហ៊ុនជ័រកៅស៊ូនៅស្រុកកែវសីមា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2024 ក+ ក-

MC:ប្រជាពលរដ្ឋច្រើនគ្រួសារនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារក្លិនស្អុយខ្លាំងចេញពីក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូ សេង ណារ៉ុង អ៊ឹមផត អ៊ិចផត ដែលស្ថិតនៅបណ្ដោយផ្លូវជាតិឆ្ពោះទៅច្រកទ្វារទ្វេរភាគី ឡាប៉ាខេ។ពួកគាត់សំណូមពរឲ្យ
អាជ្ញាធរជួយដោះស្រាយ។

(មណ្ឌលគិរី): ក្លិនស្អុយនេះបានបណ្តាលឲ្យប្រជាពលរដ្ឋមានអារម្មណ៍មិនស្រួលខ្លួន និងពិបាកទ្រាំពេលមានភ្លៀងធ្លាក់ ដោយសារក្លិនកាន់តែសាយភាយខ្លាំង។ ក្លិនស្អុយជ័រកៅស៊ូបានប៉ះពាល់ខ្លាំងដល់កុមារ និងអ្នកមានជំងឺនៅផ្ទះ។ ប្រជាពលរដ្ឋស្នើឲ្យក្រុមហ៊ុនធ្វើការកាត់បន្ថយក្លិនអាក្រក់នេះ បើមិនបានទាំងស្រុង ត្រឹម ៧០ ភាគរយក៏បាន ព្រោះពួកគេពិបាកទ្រាំក្នុងជីវភាពប្រចាំថ្ងៃ ពិបាកក្នុងការដកដង្ហើម ពេលអាកាសធាតុក្ដៅក៏មិនហ៊ានបើកកង្ហារ ព្រោះនាំខ្យល់ដែលមានក្លិនស្អុយមកកាន់តែខ្លាំង។

ពលរដ្ឋបន្តថា មិនទាន់ឃើញមន្ត្រីជំនាញណាម្នាក់ចុះមកពិនិត្យ និងដោះស្រាយបញ្ហានេះឡើយ និងសូមស្នើឲ្យអាជ្ញាធរមេត្តាដោះស្រាយបញ្ហានេះជូនពួកគេផង។ ប្រជាពលរដ្ឋបានអះអាងថា ពួកគេបានរងនូវក្លិនមិនល្អចេញពីទីតាំងក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូនេះប្រមាណ ៣-៤ ឆ្នាំមកហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពប្រចាំថ្ងៃខ្លាំងណាស់។ ពួកគេក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែគ្មានដំណោះស្រាយរហូតមកដល់ពេលនេះ ។

អភិបាលស្រុកកែវសីមា លោក សាន គឹមអ៊ាប បានឆ្លើយតបថា លោកមិនបានដឹងអំពីបញ្ហានេះទេ ហើយបានណែនាំឲ្យប្រជាពលរដ្ឋរាយការណ៍បញ្ហាទៅកាន់មេភូមិ និងមេឃុំ ទើបលោកអាចទទួលបានដំណឹង ៕ ម៉ារ៉េត សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ(https://youtu.be/gO33psvEJ6U)