ក្រុងជូបា៖មានមនុស្ស៤៣នាក់ត្រូវបានស្លាប់ដោយសារមានយន្តហោះ មួយគ្រឿងបានធ្លាក់នៅលើកោះនៃសហគមន៍កសិករបន្ទាប់ពីបានហោះឡើងបាន បន្តិចក្នុងរដ្ឋធានីជូបាប្រទេសស៊ូដង់ខាងត្បូង។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មានAFP នៅមុននេះបន្តិច។
វិទ្យុ Miraya ដែលជាស្ថានីយ៍គាំទ្រដោយអង្គការសហប្រជាជាតិបានរាយការណ៍មកថា៖ «មានយន្តហោះដឹកទំនិញមួយគ្រឿងដែលមានគោលដៅធ្វើដំណើរទៅតំបន់ Paloch នៃបានធ្លាក់ក្នុងកោះតូចមួយ ក្បែដងទន្លេនីលស បន្ទាប់ពីហោះឡើងបានបន្តិចដែលមានចម្ងាយប្រហែលជា ៨០០ម៉ែត្រពីព្រលានយន្តហោះអន្តរជាតិក្រុងជូបា»។
យោងតាម ការផ្សាយរបស់វិទ្យុដដែលបានឲ្យដឹងថា ទំនងមានមនុស្សប្រមាណជា៤០ នាក់បានស្លាប់ក្នុងហេតុការណ៍នេះ ហើយមានអ្នកដំណើរតែ៣នាក់ប៉ុណ្ណោះដែលនៅមានជីវិតក្រោយហេតុការណ៍ដ៏ រន្ធត់នេះ។ នៅកន្លែងកើតហេតុក៏មានសហគមន៍កសិករតូចៗជាច្រើនរស់នៅលើកោះនោះហើយ គេមិនច្បាស់ថាតើចំនួននៃជនរងគ្រោះដែលស្លាប់ជាមនុស្សដែលរស់នៅលើ កោះហើយរងគ្រោះនៅពេលដែលយន្ដហោះបានធ្លាក់ចំដែរឬយ៉ាងណានោះទេ។
អ្នកយកព័ត៌មាន AFP ដែលនៅកន្លែងកើតហេតុបានរាយការណ៍មកថា រូបគេបានឃើញមនុស្សកំពុងតែព្យាយាមដើម្បីស្វែងរកអ្នកនៅ រស់រានមានជីវិត និងកំពុងសែងសាកសព “ជាច្រើន” ចេញពីគំនរបំណែករបស់យន្តហោះដែលបានធ្លាក់នោះ។
ព្រលានយន្តហោះ ក្រុងជូបា មានសភាពមមាញឹកបំផុតនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ដែលផ្ទៃដីមានទំហំធំស្មើនឹងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់រួមបញ្ចូលគ្នាឯណោះ ប៉ុន្តែជាប្រទេសដែលមានលទ្ធភាពមានផ្លូវថ្នល់កៅស៊ូ តិចតួចបំផុតនោះ។ ព្រលានយន្តហោះនេះបានដើរតួជាម្ចាស់ផ្ទះក្នុងការហោះហើរពាណិជ្ជកម្ម ជាទៀងទាត់ដូចជាខ្សែបណ្តាញប្រព័ន្ធយន្តហោះយោធានិងការដឹកទំនិញ ការផ្តល់ជំនួយដល់តំបន់ដាច់ស្រយាលដែលផ្លូវត្រូវបានកាត់ផ្តាច់នោះ៕