ក្រោយទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងនេះផ្លាម តែក្រុមជនសង្ស័យបានដឹងខ្លួនមុនចាក់សោរផ្ទះទុកចោលហើយរត់គេចខ្លួនបាត់អស់។
(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រូលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសម្រេចកាត់សោរផ្ទះ រកឃើញមានវត្ថុតាង៖ទឹកកាធុមចំនួន៦ឆ្នាំង និង៣០០ដប, ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម,ថ្នាំក្អកចំនួន២កេសធំ(សារធាតុផ្សំ),កញ្ឆាស្ងួតចំនួន៧ថង់, កាធុនដែកចំនួន៦, ធុងទឹកកកចំនួន៣, ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៤គ្រឿង, ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ និងទូដែកចំនួន១។
បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកកាធុមនិងស្លឹកកាធុមត្រូវបានបំផ្លាញចោល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវតែបង្ក្រាប រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបទីតាំងផលិត ចែកចាយ ផលិត ផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ។
លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕
https://youtu.be/2v80jrVb6lI