លោក ហ៊ុន សែន ​៖​សំណុំរឿង​បាតុកម្ម ហិង្សា​នៅ​ផ្លូវ វ៉េងស្រេង មិនទាន់​បិទ​បញ្ចប់​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2015 ក+ ក-

​ភ្នំពេញ៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ​ថា សំណុំរឿង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​ការ​បំផុស​ឲ្យ​កម្មករ​ចេញ​តវ៉ា​នៅពេល​មាន​ភាព​តានតឹង​នយោបាយ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​និង កែលម្អ​ប្រព័ន្ធ​លូ នៅពេល​និយាយ​ពី​ការ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​និង​អ្នក រៀបចំ​បាតុកម្ម​កាលពី​ថ្ងៃទី​២៦​ខែតុលា ទាមទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​។​

​បើទោះជា លោក ហ៊ុន សែន និយាយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ តែ​លោក​ទំនងជា​សំដៅ​ទៅរក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ លោក កឹម សុខា កន្លងទៅ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ករណី​មួយចំនួន ក្នុងនោះ​មានការ​ចោទថា​ធ្វើបាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​។ ចំណែក លោក សម រង្ស៊ី ត្រូវបាន​នាយករដ្ឋមន្ត្រី​លើកឡើង​ជារឿយៗ​ថា​បាន​បំផុស​កម្មករ​ឲ្យ ចេញ​តវ៉ា​កាលពីដើម​ខែមករា ឆ្នាំ​២០១៤​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​បាតុកម្ម​នៅ​ភ្នំពេញ​កើតឡើង​ដោយសារ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស និង ញូវយ៉ក ដែល​លោក​ចាត់ទុកថា​”​មាន​ភ្លើង​ទើប​វា​មាន​ផ្សែង​”​។ លោក​បន្តថា ើ​ើ​បាតុកម្ម​ណា​ក៏មាន​អ្នករៀបចំ​ដែរ ហើយ​មិនចាំបាច់​ទៅ​ស្រាវជ្រាវ​រក​នោះទេ​។ លោក​ក៏បាន​រំឭក​ពី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ការ​បំផុស​កម្មករ​ឲ្យ​ចេញ​តវ៉ា និង​សំណុំរឿង​ផ្សេងៗ​ទៀត​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​៖ “​រឿង​វា​មិន ទាន់​ចប់​ទេ អា​ខូច​ក្លីនិក​គេ​នុះ អា​វៃ​ក្លីនិក​គេ​នុះ ក៏​វា​មិនទាន់​ចប់​ដែរ​។ សំណុំ​រឿងនេះ វា​អត់​ទាន់​ចប់​ទេ តាំងពី​អា​សំណុំរឿង​វៃ​ក្លិ​និក​គេ អា​សំណុំរឿង​ផ្លូវ​វ៉េងស្រេង អា​សំណុំរឿង​ស្អីៗ អត់​ទាន់​បិទ​បញ្ជី​ទេ​។ អ្នកណា​ទៅ​បំផុស​កម្មករ​ចេញមក គេ​កំពុងធ្វើការ ទៅ​បំផុស​ឲ្យ​គេ​ចេញមក  ក៏​អត់​ទាន់​រួចខ្លួន អត់​ទាន់​ផុតពី​សំណុំរឿង​ទេ អត់​ទាន់​ផុត​ទេ​”​។​

​គួរ​ជម្រាប​ថា នៅ​ម៉ោង ២៣:៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា អញ្ជើញ ទៅ​បំពេញ​ទស្សន កិច្ច​នៅ​ប្រទេស​ជប៉ុន​, ម៉ុង​ហ្គោ​លី និង​កូរ៉េខាងត្បូង​៕​ដោ​យះ​ខេមរា
yhgtgbbb

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​លូ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥