អ៊ីរ៉ាក់៖យោងតាមប្រភពព័ត៌មានពីយោធាអាមេរិកបានថ្លែងថា យន្តហោះចម្បាំងអាមេរិក និងសម្ព័ន្ធមិត្ត បានបើកការវាយប្រហារ២០ដងលើទីតាំងស្តុកអាវុធសំខាន់ៗ របស់ក្រុមសកម្មប្រយុទ្ធ IS ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ប្រតិបត្តិការវាយប្រហារតាមអាកាសរបស់អាមេរិក និងសម្ព័ន្ធមិត្ត គឺបានកំណត់គោលដៅសំខាន់ៗ នៅលើដីស្ថិតក្នុងទីក្រុង Ramadi និងSinjarប្រទេសអ៊ីរ៉ាក់។ យន្តហោះក្រុមចម្រុះបានដឹកនាំការវាយប្រហារម្តងហើយម្តងទៀតនៅ ជុំវិញតំបន់Sinjarស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយបានបំផ្លាញទីតាំងតម្កល់កាំភ្លើងយន្ត ទីតាំងលាក់អាវុធសំងាត់និងទីតាំងកាំភ្លើងត្បាល់របស់ក្រុម សកម្មប្រយុទ្ធផងដែរ។ ពួកគេបានវាយប្រហារផងដែរ លើទីតាំងលាក់អាវុធសំងាត់របស់ក្រុមរដ្ឋអ៊ីស្លាម រថយន្តបំផ្ទុះគ្រាប់បែក កាំភ្លើងយន្តធនធ្ងន់ និងទីតាំងប្រើប្រាស់សម្រាប់ប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម នៅក្បែរទីក្រុងរ៉ាម៉ាឌីជាមួយយន្តហោះចម្បាំងចំនួន៤គ្រឿង។ យន្តហោះចម្បាំងរបស់ក្រុមចម្រុះ បានវាយប្រហារសរុបចំនួន១៥ដងក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានកំណត់គោលដៅលើក្រុមឧទ្ទាមក្បែរតំបន់Fallujah, Kisik, Sultan Abdullah និងTal Afar។ នេះបើយោងតាមរបាយការណ៍។ នៅក្នុងប្រទេសស៊ីរីយន្តហោះចម្បាំងក្រុមចម្រុះ បានវាយប្រហារទីមួយនៅក្បែរតំបន់al Hawl ទីពីរនៅក្បែរតំបន់Marនិងទីបីនៅក្បែរតំបន់Dayr az Zawr៕
ក្រុមសម្ព័ន្ធមិត្តអាមេរិកកម្ទេចទីតាំងស្តុកអាវុធសំខាន់របស់ក្រុមIS