ខេត្តបាត់ដំបង៖រយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ មានពលរដ្ឋកម្ពុជាចំនួនរូបត្រូវបានឆ្មាំការពារព្រំដែនថៃបាញ់រះបណ្តាលឲ្យរងរបួសនៅតំបន់ផ្សេងពីគ្នា ក្នុងនោះមានម្នាក់របួសបាក់ភ្លៅ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារពួកគេបានឆ្លងដែនចូលទៅក្នុងទឹកដីថៃជាប់ព្រំដែននៃប្រទេសកម្ពុជា។
ប្រភពព័ត៌មានបានរាយការណ៍ថា ទាហានឈុតខ្មៅថៃ កាលពីវេលា ម៉ោង១ និង០០ នាទី ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរម្នាក់បណ្តាលឱ្យរងរបួសបាក់ភ្លៅខាងស្តាំ នៅចំណុចភូមិសួនស៊ុំ ឃុំសាត់តន់ ស្រុកសាវដា ខេត្តចាន់បុរី ប្រទេសថៃ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។
តាមព័ត៍មានបឋមបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ា ឆេ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរសិប្បកម្ម ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង។
ប្រភពបន្តថា ជនរងគ្រោះជាកម្មករក្នុងចំការបេះ ផ្លែឈើមួយកន្លែង ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ ជាកម្មករមានលិខិតស្នាក់នៅស្របច្បាប់។ជនរងគ្រោះទៅធ្វើការនៅទីនោះ អស់រយៈពេលមួយសប្តាហ៍កន្លងមកហើយ។
សមត្ថកិច្ចព្រំដែនកម្ពុជាបានឲ្យដឹងថា ករណីបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ឆ្មាំព្រំដែនថៃមកលើពលរដ្ឋខ្មែរក្នុងមួយសប្តាហ៍នោះមាន២ករណីហើយ ។ចំពោះជនដែលបានរងគ្រោះនៅថ្ងៃទី ៨ ខែវិច្ឆិកា នេះគេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៅឡើយទេ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលក្នុងនៅមន្ទីរពេទ្យ EMERGENCY ខេត្តបាត់ដំបង។
គួររំលឹកថា ពលរដ្ឋខ្មែរ២នាក់ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៤វិច្ឆិកា ត្រូវក្រុមនគរបាលព្រំដែនថៃបាញ់ឲ្យរងរបួសធ្ងន់នៅពេលដែលពួកគេឆ្លងដែនចូលទៅតំបន់ព្រៃក្រាស់ៗរកឈើប្រណីតក្នុងទឹកដីសៀម នៅចំណុចពើយតាសក់ ក្នុងភូមិសាស្ត្រភូមិបុស្សថ្លាន់ ឃុំប៊ូឆេត ស្រុកប៊ូឆេត ខេត្តសូរិន្ទ ប្រទេសថៃ។
បុរសរងគ្រោះទីមួយឈ្មោះ កាក់់ សម្តី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានរងរបួសបាក់កំភួនជើងខាងឆ្វេង និងម្នាក់ទៀតឈ្មោះ ដូន វី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសដៃខាងស្តាំ និងជើងខាងស្តាំ។
ជនរងគ្រោះឈ្មោះ ដូន វី បានឲ្យដឹងថា ក្រោយពីកើតហេតុពួកខ្លួនទាំង២នាក់លូនពួនសំងំលាក់ខ្លួនក្នុងព្រៃរហូត លុះក្រុមនគរបាលថៃវិលត្រឡប់ទៅវិញអស់ទើបខ្លួនបានជួបអ្នកភូមិជួយនាំទៅសង្គ្រោះក្នុងមន្ទីរពេទ្យស្រុកអន្លង់វែង។
មានទស្សនៈជាច្រើនបានបង្ហាញការរិះគន់ចំពោះការបាញ់ប្រហារនេះថា បើទោះបីជាសមត្ថកិច្ចថៃនាពេលកន្លងមកបានព្យាយាមបកស្រាយចំ ពោះករណីបាញ់ប្រហារលើពលរដ្ឋខ្មែរបណ្តាលឲ្យរងរបួស និងស្លាប់ដោយគ្រាន់តែការលួចឆ្លងដែនខុសយ៉ាងណា ក៏ដោយ ក៏ត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថា ឆ្មាំការពារព្រំដែនថៃបានយកច្បាប់ព្រៃមកអនុវត្តលើប្រជាពលរដ្ឋនៃប្រទេសជិតខាងក្នុងករណីលួចឆ្លងដែនខុសច្បាប់ មិនសក្តិសមជាប្រទេសដែលស៊ីវិល័យនោះឡើយ៕
ដោយ៖រដ្ឋា
បុរសរងគ្រោះទីមួយឈ្មោះ កាក់់ សម្តី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
ជនរងគ្រោះឈ្មោះ ម៉ា ឆេ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរសិប្បកម្ម ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង។