ខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តមកបាញ់រះទៅលើជនរងគ្រោះ៣នាក់បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខណ្ឌដង្កោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2024 ក+ ក-


ខ្មាន់កាំភ្លើងមួយក្រុម បានបើករថយន្ត មួយគ្រឿង ម៉ាកហ្វត បួងចង្កូតទៅបុករថយន្តMercedes ចំពីមុខពេញទំហឹង រួចចុះមកដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ សំដៅទៅលើភាគីរថយន្ត មែកសឺដែស នៅក្នុងនោះមានគ្នា៣នាក់ បណ្តាលឲ្យបុរស២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯបុរសជនជាតិចិនម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនដាក់តាមរថយន្តឡង់គ្រីស័របើកគេចខ្លួនបាត់ស្រមោល។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើបណ្តោយផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើ ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តម៉ាក សឺដែសពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BF-8168 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ ក្នុងទិសដៅពីលិចមកកើត ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញ មានរថយន្តបង្កម៉ាក ford rangerពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5779 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបួងចង្កូតងាកមកខាងឆ្វេងដៃទៅបុកចំពីមុខរថយន្ត មែកសែដែសយ៉ាងពេញទំហឹង រួចបើកទ្វារចុះដកកាំភ្លើង វែងនិងកាំភ្លើងខ្លីបាញ់ប្រហារទៅលើរថយន្តមែកសឺដែសជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ។

នៅក្នុងនោះដែរមានម្នាក់ជាជនជាតិខ្មែរត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗតែអកុសលដោយសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់បុរសជាជនជាតិខ្មែរម្នាក់ នៅឯមន្ទីពេទ្យតែម្តង។

ចំណែកឯបុរសជនបរទេសម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនបាន ហើយមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀតមិនចាំផ្លាកលេខមកដឹករំដោះក្រុមខ្មាន់កាំភ្លើងគេចខ្លួនបាត់ស្រមោល។ ភ្លាមនោះដែរ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការរដ្ឋាននគរបាលខណ្ឌក៏បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ នៅទីតាំងកន្លែងកើតហេតុផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការស្រាវជ្រាវដើម្បីតាមរកខ្មាន់កាំភ្លើង ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1vsDSptEYto