គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់» សម្រេច បានជាង៤៤ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2024 ក+ ក-


គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចបាន ៤៤,៣១% និងគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់»នេះ មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពានឆ្លងកាត់ទន្លេមេ
គង្គខេត្តក្រចេះ មានប្រវែង ១គីឡូម៉ែត្រ៧៦១និងម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប៣៣គីឡូម៉ែត្រនិង៤៥៩ម៉ែត្រ ។


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/07UtA48yw30