ខេត្តកំពង់ឆ្នាំង÷មនុស្សប្រុសស្រី៣នាក់បានបាត់បង់ជីវិត និងអ្នកបើកបរម្នាក់ទៀតរងរបួស បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ លើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០-១២១ ស្ថិតនៅភូមិ អូររំចេក ឃុំ ចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន។ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុក រថយន្ត កូរ៉ូឡា១គ្រឿងទៀត ដែលកំពុងចតលើចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យបុរសអ្នកជិះលើរថយន្តកូរូឡានោះរងរបួស។
ប្រភពដដែលបានបន្តថា ដោយរថយន្តក្រុងនោះ មិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង ។ស្របពេលនោះក៏មានរថយន្តហ្វតពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងតំណំ។
ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណើរបានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍នាំយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕ ពៅ សុខហ៊ាន
https://youtu.be/8lMgAbaGgyA