រដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបបានរថយន្តកែច្នៃ១គ្រឿងដឹកឈើជាង៦ម៉ែត្រគូបអត់ច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2024 ក+ ក-

រថយន្តកែច្នៃមួយគ្រឿងដែលគេស្គាល់ថាជារបស់ឈ្មោះ(ហ្វីលីប) ប្រចាំតំបន់ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបបាននៅលើកំណាត់ផ្លូវជាតិលេខ៤៤ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង បានឲ្យដឹងថា÷ រថយន្តដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនោះម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K.0021ជាប្រភេទរថយន្តកែច្នៃ ។


ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃនេះជារបស់ឈ្មោះ ហ្វីលីប តែងដើរប្រមូលទិញឈើឃ្លុំជ្រុងៗ ដែលមានមុខកាត់ពី៤០ទៅ៥០សង្ទីម៉ែត្រ ។ដែលក្រុមអ្នកកាប់ឈើដឹកចេញពីតំបន់ឆាយរាប ក្នុងខេត្តកោះកុងព្រំប្រទល់ជាមួយភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ។


ក្រោយការបង្ក្រាបជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងធ្វើការវាស់វែង ឃើញ មានចំណុះជាង៦ម៉ែត្រគូបជាឈើអារជ្រុងប្រភេទលេខ១លេខ២ និងប្រភេទក្រៅលំដាប់ថ្នាក់ខ្លះ។ ជំនាញបានពិនិត្យជាក់ស្តែងឃើញថាជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ហើយក៏បាននាំយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xKKUklfT8qk