ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោងជិត ១២ៈ០០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ បានសម្រេចទម្លាយសាររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្ញើសុំទោសលោកនាពេលកន្លង នៅលើទំព័រហ្វេសប៊ុក ។
លោក ហ៊ុន សែន ធ្លាប់បានព្រមានម្តងរួចមកហើយថា បើសិនជាលោកសម រង្ស៊ី មិនគោរពនូវអ្វីដែលបានសុំទោសលោកទេ នោះលោកនឹងទម្លាយសារសុំទោសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជាសាធារណៈ។
ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការទម្លាយសារសុំទោសរបស់លោក សម រង្ស៊ី ដែលបានផ្ញើជូនសម្តេចនេះ ដោយសារតែលោក សម រង្សី មិនបានគោរពសម្តី ដែលបានសរសេរសូមទោស សម្តេចកាលពីម៉ោង៦៖១៣ នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ។
ខាងក្រោមនេះជាសារសុំទោសរបស់លោក សម រង្ស៊ី ផ្ញើជូនលោក ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ជំរាបសួរ សម្តេច ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេច ដែលមានទឹកចិត្ត គោរព ស្រឡាញ់ និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍នៅទីក្រុងប៉ារីស ថ្មីៗនេះ។ ខ្ញុំសូមជំរាបសម្តេចវិញថា ភរិយាខ្ញុំ និងរូបខ្ញុំ ក៏គោរពស្រឡាញ់ និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេច ដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារយើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញុំ បានផ្តាំផ្ញើកូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញំផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើងខ្ញុំអញ្ចឹង។ ដូច្នេះខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះ ពីទឹកចិត្តពិតប្រាកដរបស់ខ្ញំចំពោះក្រុមគ្រូសារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោស ចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយដោយអចេតនា។
សូមសម្តេចទទួលនូវសេចក្តីគោរពរាប់អានពីខ្ញុំ សម រង្ស៊ី» ។