លិចទូកដឹកដំឡូងមីបណ្តាលឱ្យមានមនុស្ស៣នាក់បាត់បង់ជីវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2024 ក+ ក-

(ខេត្តក្រចេះ)៖នគរបាលស្រុកចិត្របុរីបាននិយាយថា សាកសពមនុស្សចំនួន៣នាក់ ដែលបានបាត់បង់ជីវិត ក្នុងករណីលិចទូកដឹកដំឡូងមី នៅកណ្តាលបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ បានរកឃើញអស់ហើយ នៅព្រឹកថ្ងៃទី២០ខែកញ្ញា។

ករណីលិចទូកដឹកដំឡូងមីកណ្តាលបឹងនេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៩ខែកញ្ញា  ក្រោយពីជនរងគ្រោះមានគ្នាចំនួន៥នាក់ បានជិះទូកមកពីដកដំឡូងមី នៅចំការខាងក្រោយភូមិ លុះធ្វើដំណើរមកដល់បឹងរាំង ក៏មានខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ផង។ខ្យល់ក៏បានបក់បោកទូកបណ្តាលឱ្យលិចតែ
ម្តង។ក្នុងហេតុការនោះ បានបណ្តាលឱ្យមានជនរងគ្រោះ៣នាក់ស្លាប់ និង២នាក់ទៀតត្រូវបានសង្គ្រោះទាន់។

សាកសពជនរងគ្រោះទាំង៣នាក់ មាន ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ២៤ឆ្នាំ ។ឈ្មោះ បឹងឆៃមាំង ភេទប្រុស អាយុ១៣ឆ្នាំ សពជនរងគ្រោះទាំង២នាក់នេះ ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃទី១៩ខែកញ្ញា ចំណែកសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ បាវ ថៃ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបាននគរបាលស្រុកចិត្របុរី រកឃើញនៅព្រឹកថ្ងៃទី២០ខែកញ្ញា។  ជនរងគ្រោះទាំង៣នាក់រស់នៅភូមិ អញ្ចាញ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ។ចំណែកជនរងគ្រោះ២នាក់ដែលបានរួចជីវិតក្នុងករណីលិចទូកនេះ បាននិយាយថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចចំការដំឡូងមីរបស់គាត់។ គាត់បង្ខំចិត្តធ្វើដំណើរតាមទូកទៅដកដំឡូងមី ដែលជន់លិចដោយសារជំនន់ទឹកភ្លៀងនៅខាងក្រោយភូមិ ។

ជនរងគ្រោះបន្តថា ក្រោយពីបានដកដំឡូងមី រួចនិងបានលើដាក់លើកទូកពួកគាត់ក៏បានធ្វើដំណើរត្រឡប់មកភូមិវិញ។ គាត់ថា នៅលើកទូកមានមនុស្ស៥នាក់ លុះធ្វើដំណើរមកដល់កណ្តាលបឹងរាំង ស្រាប់តែមានភ្លៀងនិងខ្យល់បក់បោកខ្លាំង បណ្តាលឱ្យលិចទូកបាត់នៅកណ្តាលបឹងតែម្តង។ក្នុងករណីនេះមានមនុស្សបីនាក់ត្រូវបានបាត់ខ្លួនលិចទៅតាមទូក ចំណែកពួកគាត់ពីរនាក់ត្រូវបានសង្គ្រោះ៕
https://youtu.be/OV6S8dn5B_w